ភ្នំពេញ៖ ជនដៃដល់ម្នាក់ បានធ្វើសកម្មភាពជិះម៉ូតូមួយគ្រឿងប្រដាប់ដោយកាំបិតកាប់ទៅលើយុវជនម្នាក់ បណ្ដាលឲ្យរងរបួសស្មាខាងស្តាំធ្ងន់ ហើយត្រូវបានបងប្អូនដឹកបញ្ជូនទៅនៅមន្ទីរពេទ្យបង្អែកស្រុកបរកែវ ។ ចំណែកជនដៃដល់ក្រោយធ្វើកម្មភាពរួច បានរត់គេចបាត់ស្រមោល ដោយបន្សល់ទុកម៉ូតូនៅនឹងកន្លែងកើតហេតុ ។
ករណីហិង្សាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីយប់ ថ្ងៃអង្គារ ១៤កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅភូមិលូត ឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនគិរី ។
តាមប្រភពព័ត៍មានពីសមត្ថកិច្ចស្រុកបរកែវ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ រម៉ាម ដៃ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិទំពួន រងរបួសស្មាខាងស្តាំ ត្រូវបានបងប្អូនបញ្ជូនទៅនៅមន្ទីរពេទ្យបង្អែកស្រុកបរកែវ ។
សមត្ថកិច្ចបន្តទៀតថា ក្រោយកើតហេតុជនបង្កបានរត់គេចខ្លួនបាត់ស្រមោល ដោយបានបន្សល់ទុកម៉ូតូ១គ្រឿងម៉ាក MSX ពណ៌ស ស្លាកលេខ រតនគរី 1E-6839 ដែលជាម៉ូតជិះមកធ្វើសកម្មភាពកាប់ជនរងគ្រោះ ។
បច្ចុប្បន្នសមត្ថកិច្ចបានយកម៉ូតូជនដៃដល់មករក្សាទុកនៅប៉ុស្តិ៍ទីងចាក់ ដើម្បីធ្វើស្រាវជ្រាវស្វែងរកជនដៃដល់ មកដាក់ទោសតាមច្បាប់ ៕ សហការី