ព័ត៌មានទាន់ហេតុការណ៍៖

តារាសម្តែងអាលីយ៉ា ស្លាប់នៅក្នុងមន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ៖ អតីតតារាសម្តែង និងពិធីការិនី អាលីយ៉ាបានស្លាប់បាត់បង់ជីវិតហើយកាលពីវេលាម៉ោង៥ព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ បន្ទាប់ពីស្ថានភាពជំងឺនាងកាន់តែធ្ងន់ធ្ងរ ។ ការស្លាប់បាត់បង់ជីវិតរបស់នាងបន្សល់នៅកោរសោកស្តាយអាឡោះអាល័យជាពន់ពេក ។

ដោយសារជំងឺរលាកសួតធ្ងន់ធ្ងរ តារាចម្រៀងអាលីយ៉ាបានចូលសម្រាកក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែតកាលពីដើមខែមិថុនាមកម្ល៉េះ ។ ដំណឹងនៃការធ្លាក់ខ្លួនឈឺបានធ្វើឲ្យភ្ញាក់ផ្អើលក្រោយសារព័ត៌មានចុះផ្សាយហើយក៏មានសប្បុរសជន និងសិល្បករជាច្រើនបានទៅសាកសួរសុខទុក្ខនាងជាបន្តបន្ទាប់ ។ ទោះស្ថានភាពបានប្រសើរជាងមុនបន្តិច ប៉ុន្តែស្ថានភាពជំងឺ ពិសេសអាការៈប្រកាច់របស់នាងក៏បានផ្តាច់យកជីវិតដោយបន្សល់ទុកនូវការសោកស្តាយជាខ្លាំង ។ យោងតាមមិត្តភ័ក្កិរបស់នាងលើកឡើងថា ស្ថានភពជំងឺរបស់អារីយ៉ា ធ្វើទុក្ខខ្លាំងកាលពីថ្ងៃទី២៧ ខែមិថុនា ហើយនាងក៏បានស្លាប់នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ដែលពេលនេះសពនាងត្រូវបានដឹកយកទៅធ្វើបុណ្យនៅវត្តទួលអស់លោកដើម្បីធ្វើពិធីបុណ្យតាមទំនៀមទម្លាប់ ។

គួរបញ្ជាក់ដែរថា អាលីយ៉ា បានចាប់ផ្តើមធ្លាក់ខ្លួនពីភាពស៊ីវីល័យក្រោយពីនាងរការវាយ ដំពីអតីតសង្សារ ហាងត្រូវគេរំលោភយកការងារសិល្បៈត្រូវបាត់បង់ និងរងចាំភាពយុត្តិធម៌អស់ជាង២ឆ្នាំមកហើយ ។ គេរំពឹងដែរថា តាមរយៈការផ្សព្វផ្សាយព័ត៌មាននេះសមាគមន៍សិល្បករខ្មែរដែលដឹកនាំដោយអ្នកនាង ចន ច័ន្ទលក្ខិណា និងសប្បុរសជននឹងផ្តល់ជាកម្លាំងចិត្ត និងជួយសង្គ្រោះជីវិតតារាស្រីរូបនេះផង គ្រាកន្លងមកដែលនាងធ្លាប់មានជីវភាពធូរធារ នាងធ្លាប់បង្កើតព្រឹត្តិការណ៍សិល្បៈ និងការប្រគំតន្ត្រីសប្បុរសធម៌ជួយដល់សិល្បករចាស់ៗពិសេស លោកព្រឹទ្ធាចារ្យ គង់ ណៃ និងប្រាជ្ញ ឈួនជាដើម៕ វឌ្ឍនា


ចែករំលែក៖