ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធររាជធានីភ្នំពេញ សម្រេចសាងសង់ចំណតរថយន្តក្រោមដី នៅក្រោមសួនច្បារមិត្តភាពកម្ពុជា-ថៃ ដើម្បីសម្រួលចំណតរថយន្ដកុំឲ្យស្ទះ

ចែករំលែក៖

ភ្នំពេញ៖ រាជធានីភ្នំពេញ គ្រោង នឹងសាងសង់ចំណតរថយន្តក្រោមដី នៅសួនច្បារមិត្តភាព កម្ពុជា-ថៃ ដែលស្ថិតនៅខាងលិចវត្តភ្នំ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។ នេះបើតាមការបញ្ជាក់របស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងជំនួបសម្តែងការគួរសម ជាមួយ លោកប៉ានីយ៉ារ៉ាក់ ពូលធុប ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសថៃឡង់ដ៏ ប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ នៅសាលារាជធានីភ្នំពេញ ។

ក្នុងជំនួបនោះ លោក ឃួង ស្រេង បានលើកឡើងថា៖ នៅរាជធានីភ្នំពេញ មានសួនច្បារជាច្រើន ក្នុងនោះមានសួនច្បាមួយ ដែលជាសួនច្បារនិមិត្តរូប នៃចំណងមិត្តភាពនិងទំនាក់ទំនងល្អ រវាងប្រទេសទាំងពីរ កម្ពុជា- ថៃ ដោយប្រមុខរដ្ឋាភិបាលទាំងពីរ បានរួមគ្នាដាំដើមឈើជានិមិត្តរូប នៅលើសួននេះ ។ ប៉ុន្តែជាគម្រោងសម្រាប់រាជធានីភ្នំពេញ ក្រោមការឯកភាពពីរាជរដ្ឋាភិបាល ទីតាំងសួនច្បារនេះ ត្រូវសាងសង់ចំណត់រថយន្ត នៅផ្នែកខាងកើត ដែលទាមទារឱ្យមានការរុះរើសួនច្បារនេះចេញ ។

លោកអភិបាលរាជធានី បានបញ្ជាក់ថា ក្រោយការស្ថាបនា ចំណតរថយន្តក្រោមដីហើយ នឹងស្ថាបនាសួនឡើងវិញ ដោយរក្សាទ្រង់ទ្រាយដើម ហើយមានក្រុមអ្នកបច្ចេកទេស មកពីប្រទេសថៃ មកមើលផងដែរ ។ ការរុះរើសួនច្បារ ដើម្បីសាងសង់ចំណតរថយន្តក្រោមដីនេះ វាមិនប៉ះពាល់ ដល់ដើមឈើប្រភេទធំៗ ដែលប្រមុខរដ្ឋាភិបាលទាំងពីរ បានដាំនោះទេ ដោយហេតុថា ដើមឈើទាំងនោះ ស្ថិតនៅលើសួនច្បារប៉ែកខាងលិចប៉ុណ្ណោះ ។ ក្រៅពីការលើកឡើងខាងលើ លោក ឃួង ស្រេង នូវបានលើកឡើងពីការរីកចម្រើន របស់រាជធានីភ្នំពេញ ដែលចេញពីបាតដៃទទេ នៃរបបប្រល័យពូជសាសន៍ ដែលពេលនេះមានសំណង់អគារខ្ពស់ៗ ផ្លូវថ្នល់ ស្ពានអាកាស ជាច្រើន ខណៈដែលកំណើនប្រជាពលរដ្ឋ មានការកើនឡើងជាលំដាប់ ធ្វើឱ្យសេដ្ឋកិច្ចមានការរីកចម្រើន ពិសេសលើវិស័យអចលនទ្រព្យ ។ ទន្ទឹមនឹងការរីកចម្រើនដូច្នេះហើយ បានជារាជធានីភ្នំពេញ មានបញ្ហាប្រឈមមួយចំនួន ដូចជា បញ្ហាកកស្ទះចរាចរ បញ្ហាសំរាម និងបញ្ហាគ្រឿងញៀន ដែលទាមទារឱ្យមានការយកចិត្តទុកដាក់គិតគូរ និងដោះស្រាយជាបន្តបន្ទាប់ ។

ក្នុងឱកាសនោះដែរ លោកឯកអគ្គរាជទូតថៃ បានលើកឡើងថា ឆ្លើយតបនឹងតម្រូវការជាក់ស្តែង​ របស់រាជធានីភ្នំពេញ ដែលមានកង្វះចំណតរថយន្ត នៅចំពោះមុខនោះ ភាគីថៃ មិនមានអ្វីទំទាស់នោះឡើយ គ្រាន់តែស្នើឱ្យអ្នកជំនាញការ រួមគ្នាសិក្សាឱ្យបានល្អិនល្អន់ ដើម្បីរក្សាឱ្យបាននូវទ្រង់ទ្រាយដើម របស់សួនមិត្តភាព កម្ពុជា-ថៃនេះ ។

ជាមួយគ្នានោះ លោក ឯកអគ្គរាជទូត ក៏បានស្នើឱ្យប្រតិភូ រដ្ឋបាលរាជធានីភ្នំពេញ ទៅបំពេញទស្សនកិច្ច និងផ្លាស់ប្តូរបទពិសោធន៍ នៅទីក្រុងបាងកក នៅពេលខាងមុខនេះ ។

សូមបញ្ជាក់ថា ៖ រាជធានីភ្នំពេញ និងទីក្រុងបាងកក បានចងសម្ព័ន្ធមេត្រីភាព ជាមួយគ្នា តាំងពីឆ្នាំ២០១៣មកម៉្លេះ ហើយភាគីទាំងចង់ឱ្យកិច្ចសហប្រតិបត្តិការនេះ កាន់តែល្អប្រសើរថែមទៀត៕ សំរិត


ចែករំលែក៖