ភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូមកពីជួយលក់ដូរអីវ៉ាន់ឪពុកម្តាយដល់ពាក់កណ្ដាលផ្លូវត្រូវក្រុមចោរធាក់ផ្តួលយកម៉ូតូបានដោយសុវត្ថិភាព បានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលម៉ោង១០និង៥០នាទីយប់ ថ្ងៃ ពុធ ១៥ កើត ខែ បឋមាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ត្រង់ទល់មុខវត្តព្រៃស្ពឺ ស្ថិតនៅភូមិស្រែជម្រៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។
នគរបាលខណ្ឌមានជ័យបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឆាន់ ឆារ៉ាន់ ភេទប្រុស អាយុ១៨ឆ្នាំ ជាសិស្ស រស់នៅសង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ ។ ចំណែកម៉ូតូមួយគ្រឿងដែលជនសង្ស័យប្លន់យកទៅបាត់នោះម៉ាកហុងដាឌ្រីមសេ១២៥ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១JE-៨១៨០ ។
តាមប្រភពព័ត៌មានពីជនរងគ្រោះដែលជាម្ចាស់ម៉ូតូបានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានត្រឡប់មកពីជួយលក់អីវ៉ាន់ឪពុកម្តាយ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល ហើយបានជិះម៉ូតូមួយគ្រឿងធ្វើដំណើរតាមណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជើង។ លុះមកដល់ម្តុំវត្តស្លែង នៅខណ្ឌដង្កោ ជាកន្លែងស្ងាត់ ស្រាប់តែមានជនសង្ស័យគ្នា៣នាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកមួយគ្រឿង តាមពីក្រោយរូបគាត់រហូត។ លុះមកដល់មុខវត្តព្រៃស្ពឺ ជនសង្ស័យបានជិះមកទន្ទឹមនឹងម៉ូតូគាត់ ហើយអ្នកជិះពីក្រោយគេបានធាក់ម៉ូតូគាត់បណ្តាលឲ្យដួលម៉ូតូ ហើយជនសង្ស័យម្នាក់ចុះមកលើកម៉ូតូរបស់គាត់ជិះចេញបាត់តែម្តង។
ជនរងគ្រោះបានឲ្យដឹងទៀតថា ពេលចោរប្លន់ភ្លាមៗ គាត់បានទូរស័ព្ទហៅឪពុកម្តាយរបស់គាត់មកដល់ជូនមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ចោមចៅ២ ឲ្យជួយធ្វើអន្តរាគមន៍និងស្រាវជ្រាវចាប់ក្រុមជនសង្ស័យ មកផ្តន្ទាទោសតាមច្បាប់ ៕ សុខាសែនជ័យ