ខេត្តកំពង់ធំ៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជាបានអញ្ជើញសម្ពោធ ដាក់ឲ្យប្រើប្រាស់ផ្ទះគំរូ ចំនួន៤០ខ្នង បន្ថែម ខណៈនៅតំបន់សហគមន៍ ឃុំបឹង ស្រុកបារាយណ៍នេះមានចំនួន២១ ខ្នងរួចមកហើយ ជាជំនួយឧបត្ថម្ភ របស់ប្រទេសកាតា។ ផ្ទះដែលបានសម្ពោធដាក់ឲ្យប្រើប្រាស់ ជូនដល់សហគមន៍អ្នកឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅពេលនេះ បានប្រព្រឹត្ដទៅ កាលពីថ្ងៃព្រហស្សតិ៍ ១រោច ខែបឋមា សាឍ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០១៨ ។
លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ ផ្ទះគំរូ ចំនួន ៤០ខ្នង ដែលសម្ពោធដាក់ឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរអ៊ីស្លាម ប្រើប្រាស់ជាផ្លូវការនៅពេលនេះ ជាជំនួយឧបត្ថម្ភរបស់គ្រួសារ Hasan Abdul Al Khal ជនជាតិកាតា តាមរយៈសមាគម សម្រប សម្រួលសង្គមប្រទេសគុយវ៉ែត សហការ ជាមួយ នឹងអង្គការដៃគូរក្នុងស្រុកគឺ សមាគមសប្បុរសធម៌ ដើម្បីអភិវឌ្ឍន៍កម្ពុជា ដែលចំណាយថវិកា ៣៧ ម៉ឺនដុល្លារ អាមេរិក ខណៈ នៅតំបន់នេះមានចំនួយ ២១ខ្នង រួចមកហើយ ដោយបានសម្ពោធ ដាក់ឲ្យប្រើប្រាស់ កាលពីខែមេសាកន្លងទៅនោះ ចំណាយថវិកា ១៣២,០០០ ដុល្លារអាមេរិក ។
លោក WAEL AL MURSI តំណាងម្ចាស់ជំនួយប្រទេសកាតា បានបញ្ជាក់ថា៖ មកដល់ពេលនេះ សមាគម សង់ផ្ទះជូនជនក្រីក្រនៅកម្ពុជាសរុបបាន ៩ភូមិគំរូ រួមជាមួយនឹងការ សាង សង់នៅលើដីលំនៅដ្ឋានក្នុងភូមិនានារបស់ប្រជាពលរដ្ឋ ដែលសរុបមកដល់ពេលនេះ មានចំនួន៦៩៦ ខ្នងផ្ទះ គិតជាថវិកា ៤.៩២៤.៥០០ ដុល្លារ អាមេរិក ។ លោកក៏សូមអំណរគុណដល់ លោក អូស្មាន ហាស្សាន់ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋ មន្រ្តី ដែលជាជានិច្ចការល តែងតែជួយជ្រោមជ្រែង និង សម្រួលរាល់សកម្មភាពការងារមនុស្សធម៌ ដោតជួយសម្រួល និងសហការណ៍ ទៅដោយ ជោគជ័យ ជាពិសេសលោកក៏ សូមអគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលតែងតែចាត់តាំងតំណាង និង អនុញ្ញាតជូនថ្នាក់ដឹកនាំអញ្ជើញសម្ពោធសមិទ្ធផលរបស់អង្គការនៅទូទាំងប្រទេស។
លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ សមិទ្ធផលនានាជាច្រើនក្រោមជំនួយរបស់អង្គការ ជាពិសេសសមិទ្ធផលនានាជាច្រើនទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ជូន ដល់សហគមន៍ខ្មែរឥស្លាម ក៏ដូចជាសហគមន៍ជាតិទាំងមូល គឺវាមិនមែនកើតឡើងដោយភាពចៃដន្យនោះទេ តែវាពិតជាបានកើតឡើងក្រោមការជ្រោមជ្រែង លះបង់ និង ខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។
លោកបានរំលឹកដល់ប្រជាពលរដ្ឋ ឲ្យត្រៀមខ្លួន ជាពិសេសឯកសារពាក់ព័ន្ធ ដើម្បីទៅបោះឆ្នោតឲ្យបានគ្រប់គ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ គឺជាឳកាសពិសេសមួយ ដែលបងប្អូនចាំបាច់ត្រូវតែបំពេញកាតព្វកិច្ចនេះជាពលរដ្ឋ ដែលមានសិទ្ធិសេរីភាព ក្នុងការជ្រើរើសមេដឹកនាំប្រទេស មេដឹកនាំដែលបានបានផ្តល់ភាពកក់ក្តៅ និង ផ្តល់ជូនសមិទ្ធផលគ្រប់បែបយ៉ាងជូនបងប្អូនប្រជាពលរដ្ឋ និងជាអ្នកបានកសាងភាពរីកចម្រើនផ្នែកសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ។ លោក អូស្មាន ហាស្សាន់ ក៏បានផ្តាំផ្ញើដល់បងប្អូន ដែលបានទទួលការឧបត្ថម្ភផ្ទះទាំងអស់ សូមបន្តរួមរស់នៅលើទ្រនុំ ថ្មី ដែលមានរចនាសម្ព័ន្ធល្អ មានទាំងអគារសិក្សា និង ព្រះវិហារផងដែរ សូមជួយគ្នាចូលរួមថែរក្សាសមិទ្ឋផលនេះ តកូនតចៅ និង ថ្លែងអំណរគុណដល់ម្ចាស់ជំនួយ ហើយត្រូវបួងសួងនូវកុសល្យផលបុណ្យដល់គ្រួសារសប្បុរសជនខាងលើ ដែលបានចំណាយថវិកាដ៏មានតម្លៃ ដោះស្រាយទុក្ខលំបាករបស់បងប្អូន។
សូមបញ្ជាក់ថា៖ សមាគម ក៏បានផ្តល់ម៉ូតូ ចំនួន ១០គ្រឿង ជូនដល់គ្រួសារ ចំនួន១០ ក្នុងចំណោមអ្នកដែលទទួលបានផ្ទះ ដើម្បីយកទៅប្រើប្រាស់ក្នុងការប្រកបរបរផ្គត់ផ្គង់គ្រួសារ ក្នុងនោះដែរ ប្រជាពលរដ្ឋចំនួន២០០គ្រួសារ មកពីឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ក៏បានទទួលអំណោយមួយចំនួន រួមមាន អង្ករ១៥គីឡូ ,មី១០កញ្ចប់, ស្ករសរ១គីឡូ ,ប្រេងឆា ១លីត្រ ,សិស្សានុសិស្សា២០០នាក់ ម្នាក់ៗទទួលបានសៀវ ភៅ១ ,ប៊ិច១,ខ្មៅដៃ១,ជ័រលុប១,សម្ព័ន្ធយុវជនមុស្លិមកម្ពុជាខេត្តកំពង់ធំ ៨៦នាក់ ម្នាក់ៗទទួលថវិកា ១ម៉ឺនរៀលផងដែរ ៕ សំរិត