ភ្នំពេញ៖ ពិធីបុណ្យសពយ៉ាងតក់ក្រហល់របស់អតីតតារាសម្តែង និងពិធីការិនីអាលីយ៉ា បានបញ្ចប់ក្នុងរយៈពេលមួយថ្ងៃប៉ុណ្ណោះ ក្រោយពីអាចារ្យគន់គូរថា ជាថ្ងៃល្អបំផុតសម្រាប់ពិធីបុណ្យសពនាង ។ ទោះបីជាកម្មវិធីនេះមិនយូរក្តីក៏មានសិល្បករក្នុង និងក្រៅស្រុកជាច្រើនរួមដុតដៃដុតជើងជួយភ្លាមៗផងដែរ ។
ដំណឹងនៃការធ្លាក់ខ្លួនឈឺធ្ងន់របស់ អាលីយ៉ា មិនទាន់បានមួយសប្តាហ៍ផង ស្រាប់តែនាងបានទទួលមរណភាព ដែលបន្សល់ទុកនូវការសោកស្តាយអាឡោះអាល័យចំពោះការបាត់បង់សិល្បការិនីរូបនេះ ។ ទាំងអ្នកធ្លាប់ស្គាល់នាង និងមិនធ្លាប់បានស្គាល់នាងជាច្រើនសុទ្ធតែបានចូលរួមចែករំលែកពេលវេលាទ្រព្យធន និងកម្លាំងកាយចិត្តក្នុងការចូលរួមពិធីបុណ្យសពដែលរៀបចំធ្វើនៅវត្តទួលអស់លោក នាងសង្កាត់ទួលសង្កែខណ្ឌឬស្សីកែវ ។ សិល្បកខាងក្រៅប្រទេសក៏បានចែករំលែកជួយដល់ពិធីបុណ្យសពនេះផងដែរដូចជា អតីតតារាសម្តែង ស៊ុក សុភា និងភរិយា អ្នកនាងសារីណា បានខ្នះខ្នែងស្វែងរកថវិកាសប្បុរសជន និងថវិកាផ្ទាល់ខ្លួនមួយចំនួនជួយដល់ពិធីបុណ្យសពនេះភ្លាមៗ ។ ក្មួយប្រុសដែលជាសាច់ញាតិនាងតែម្នាក់នោះបានបញ្ជាក់ថា ក្រុមគ្រួសារអតីតតារាសម្តែងរូបនេះបានបរិច្ចាកថវិកាចំនួន២៤០០ដុល្លារអាមេរិកដើម្បីជួយដល់ការជួលមេរុបូជាសព ក្តាមឈ្ឈូសដាក់សព ផ្កាដាក់តាំងលម្អរ និងបន្ថែមនូវទឹកអប់ម៉ាកល្បីៗដែលនាងនិយមចូលចិត្តប្រើគ្រាដែលនៅរសរានមានជីវិត។
ប្រធានសមាគមសិល្បករខ្មែរ ដែលមានអ្នកស្រីចន ច័ន្ទលក្ខិណា និងគ្រួសារក៏បានជួយខ្នះខ្នែងមើលការខុសត្រូវ និងចំណាយនូវពិធីបុណ្យនេះផងដែរ ។ ក្រៅពីនេះគេឃើញមានវត្តមានសិល្បករជាច្រើនចូលរួម និងសប្បុរសជនជិតឆ្ងាយជាច្រើនបានចូលជាបច្ច័យមួយចំនួនដែលធ្វើឲ្យកម្មវិធីបុណ្យសពដែលមានរយៈពេលខ្លីនេះឆ្លុះបញ្ចាំងពីការរួមសាមគ្គីគ្នារវាងអ្នកគាំទ្រសព និងអ្នកសិល្បៈមួយចំនួន ។ ក្មួយប្រុសនាងបានបញ្ជាក់ថា លោកពិតជាសប្បាយចិត្តដែលមានអ្នកសិល្បៈជិតឆ្ងាយ និងសមាគមសិល្បករខ្មែរបានអះអាងធានាក្នុងការជួយរៀបចំពិធីបុណ្យសពនេះឲ្យបានសមរម្យ និងបន្តទៅធ្វើពិធីបុណ្យ៧ថ្ងៃឲ្យនាងបន្ត ។
លោកកាន់តែសប្បាយចិត្តក្រោយពីអ្នកនាងចន ច័ន្ទលក្ខិណាអះអាងថា បច្ច័យដែលទទួលបានពីកម្មវិធីបុណ្យនេះនឹងត្រូវចាត់ចែងដោយត្រឹមត្រូវ និងធ្វើឲ្យវិញ្ញាណខណ្ឌម្តាយមីងខ្លួនបានទៅទីស្ងប់ ហើយប្រសិនបើនៅសេសសល់ពីកម្មវិធីបុណ្យ នឹងត្រូវយកទៅសាងសង់ចេតីយសមរម្យមួយសម្រាប់តម្កល់ធាតុបន្ត ។
គួរបញ្ជាក់ដែរថា អតីតតារាសម្តែង និងពិធីការិនី កញ្ញាអាលីយ៉ា បានស្លាប់បាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យកាលពីថ្ងៃទី២៨ខែមិថុនាឆ្នាំ២០១៨នេះក្នុងអាយុ៤០ឆ្នាំ ដោយជំងឺសួតធ្ងន់ធ្ងរ ។ ពិធីបុណ្យគម្រប់៧ថ្ងៃរបស់សពអតីតតារារូបនេះនឹងត្រូវរៀបចំធ្វើនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះនៅក្នុងបរិវេនវត្តទួលអស់លោកនាងសង្កាត់ទួលសង្កែខណ្ឌឫស្សីកែវ៕ វឌ្ឍនា