ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ៣នាក់ក្រោយធ្វើសកម្មភាពប្លន់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ក្រុមជនសង្ស័យដែលតែងតែធ្វើសកម្មភាពប្លន់ម៉ូតូជាញឹកញាប់ នាពេលកន្លងមកនោះ ពេលនេះត្រូវសមត្ថកិច្ចក្របួចបាន៣នាក់ ដោយឡែក ម្នាក់ទៀត សមត្ថកិច្ចកំពុងតាមចាប់ខ្លួនយកមកប្រគល់ឲ្យច្បាប់ចាត់ការ ។

ការឃាត់ខ្លួនធ្វើឡើងនៅល្ងាច​ថ្ងៃព្រហស្បតិ៍ ១រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ នៅក្បាលថ្នល់ក្លោងទ្វាវត្តពោធិ ស្ថិតក្នុងភូមិត្រពាំងឈូក ឃុំពោធិអង្រ្គង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

ជនរងគ្រោះ ឈ្មោះ ឆេង លីណា ភេទស្រី អាយុ២០ឆ្នាំ នៅភូមិ ក្រាំងអំពឹល ឃុំក្រាំងស្គា ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ជិះម៉ូតូ ម៉ាកស៑ុយសាគីនិច សេរី ២០១៧ ស្លាកលេខ 1H:9988 កំពង់ឆ្នាំង ។

ប្រភពពីនគរបាលស្រុកបសេដ្ឋបានឲ្យដឹងថា ករណីនេះ ដំបូងម្ចាស់មិនបានរាយការណ៍មកសមត្ថកិច្ចឡើយ រហូតដល់ម៉ោង១៥:០០នាទី ទើបគាត់រាយការណ៍មកសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ។

ក្រោមការដឹកនាំរបស់លោកវរសរនីយ៍ទោ យ៉ាង សុខលី ជាអធិការ កំលាំង ជំនាញបានសហការស្រាវជ្រាវ និងកំណត់មុខសញ្ញាភ្លាមៗផងដែរ ក្នុងនោះឃាត់ខ្លួន ជនសង្ស័យ ១/ឈ្មោះ ហែល ម៉េង ប្រុសអាយុ ២០ ឆ្នាំនៅភូមិ កំប៉ោ ឃុំ បឹងត្រាញ់ខាងត្បូង ស្រុក សំរោង ខេត្តតាកែវ ២/ឈ្មោះមាន ហុង(ហៅឆុង)ភេទ ប្រុសអាយុ ១៨ ឆ្នាំ នៅភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោងខេត្តតាកែវ ៣/ឈ្មោះ សែម សីហា ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិរមន្ត ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតកែវ ។

ដកហូតម៉ូតូចំនួន២គ្រឿង ម៉ាកC125 ពណ៌ខ្មៅ សេរី២០១៧ គ្មានស្លាកលេខ (ម៉ូតូជនសង្ស័យជិះធ្វើសកម្មភាព) និងម៉ាកស៊ុយៗគីនិចម៉ូតូរបស់ជនរងគ្រោះ ។

ដោយឡែកបក្ខពួកម្នាក់ទៀតរត់គេចខ្លួន ឈ្មោះគង់ ម៉ៅ ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិកំប៉ោ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ ។

នារីរងគ្រោះជាម្ចាស់ម៉ូតូបានបំភ្លឺថា នាងបានជិះម៉ូតូពីភ្នំពេញមកលេងផ្ទះសង្សាររបស់ខ្លួន តែមកមិនទាន់ដល់ផង ក៏ត្រូវក្រុមជនសង្ស័យស្ទាក់ប្លន់តែម្តង ។

ប្រភពពីនគរបាលបានបន្តថា ពេលនេះ កម្លាំងជំនាញកំពុងស្រាវជ្រាវចាប់ខ្លួនជនសង្ស័យម្នាក់ទៀត ដែលរត់គេចខ្លួនយកមកចាត់ការតាមច្បាប់ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងបីនាក់បានឆ្លើយសារភាពថា ខ្លួន និងបក្ខពួកពិតជាបានធ្វើសកម្មភាពកំហែងយកម៉ូតូពីជនរងគ្រោះនៅចំណុចលើទំនប់វត្តពោធិ ឃុំពោធិអង្រ្គងប្រាកដមែន ។

ក្រុមជនសង្ស័យបន្តថា កន្លងមកបក្ខពួករបស់ខ្លួនធ្លាប់ធ្វើសកម្មភាពប្លន់យកម៉ូតូនៅតាមផ្លូវជាតិលេខ៣ជាញឹកញាប់ ។ ករណីនេះ ជនសង្ស័យទាំង៣នាក់ រួមទាំងវត្ថុតាង យកមកអធិការដ្ឋាននគបាលស្រុកកសាងសំណុំរឿងបញ្ជូនទៅស្នងការនគបាលខេត្តចាត់ការតាមនីតិវិធី ៕ សេនាស័ក្តិ


ចែករំលែក៖