ប៉ោយប៉ែត៖ មនុស្សម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកម្នាក់ទៀតរងរបួសធ្ងន់ ខណៈគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តយីឌុប នឹងរថយន្ត ក្រុង ។
ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង៨ និង៣៥នាទីយប់ ថ្ងៃព្រហស្បតិ៍ ១រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវជាតិលេខ៥ ចំណុចខាងកើតវិទ្យាល័យនិមិត្តប្រហែល៥០០ម៉ែត្រ សិ្ថតក្នុងភូមិនិមិត្តថ្មី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមាមជ័យ ។
សមត្ថកិច្ចសណ្ដាប់ធ្នាប់ប្រាប់ថា មុនកើតហេតុមានរថយន្តធុនធំ ពណ៌ត្រាវ ពាក់ស្លាកលេខ ព្រះសីហនុ 3A-3887 ហើយរឺុម៉កពាក់ស្លាកលេខ ភ្នំពេញ 4A-3026 បើកបរគោលដៅពីកើតទៅលិច ពេលបើកបរដល់ចំណុចកើតហេតុបានបើកឡើងជែងរថយន្តដឹកទំនិញធុនធំ១គ្រឿងទៀត ពណ៌ត្រួយចេក ពាក់ស្លាកលេខ តាកែវ 3A-2043 ដែលបែកកង់ និងឈប់ចតនៅទ្រូងផ្លូវជាតិខាងជើង ពេលជែងបានផុតក្បាលបន្តិចស្រាប់តែជ្រុលទៅបុកនឹងរថយន្ត ក្រុងដឹកអ្នកដំណើរប្រភេទ៤៥កៅអុី (ជារថយន្តរបស់ក្រុមហ៑ុនបូព៌ា អាសុី) ពណ៌ស-ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3E-0329 បើកបរគោលដៅពីលិចទៅកើត(ច្រាសទិសគ្នា) បណ្តាលឲ្យគ្រោះថ្នាក់តែម្តង ។
សមត្ថកិច្ចបញ្ជាក់ថា ករណីនេះបណ្តាលឲ្យមនុស្សម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ។ អ្នកដែលស្លាប់មានឈ្មោះ ឡុង វណ្ណះ ភេទប្រុស អាយុ៤៦ឆ្នាំមុខរបរ បើកបររថយន្ត រស់នៅក្នុងភូមិស្វាយមាស ឃុំសំរោងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម (ស្លាប់នៅកន្លែងកើតហេតុ) ជាអ្នកបើកបររថយន្តធំ ពាក់ស្លាកលេខ ព្រះសីហនុ 3A-3887 ចំណែកឈ្មោះ ពេញ ម៉ៅ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ បើកបររថយន្ត រស់នៅក្នុងភូមិកោះតារៀ ឃុំរវា ស្រុកសំរោង ខេត្តតាកែវ (រងរបួសធ្ងន់)ជាអ្នកបើកបររថយន្ត ក្រុង ។
ចំណែកអ្នកបើកបររថយន្តដែលខូចឈប់ចត រត់គេចខ្លួនបាត់ ។
រីឯអ្នករួមដំណើរលើរថយន្ត ក្រុងចំនួន៤នាក់(ពុំមានរងរបួសទេ) ចំពោះអ្នករងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកក្រុង ។ រថយន្តទាំងពីរ(ខូចខាតធ្ងន់) ត្រូវយកទៅរក្សាទុកនៅប៉ុស្ដិ៍សង្កាត់និមិត្តដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕ វណ្ណា