ខេត្តស្វាយរៀង៖ ប្រុស ស្រី២នាក់ បានរងរបួសធ្ងន់ ដោយសាករណីគ្រោះថ្នាក់ចរាចរណ៍ លើផ្លូវក្រាលក្រួសក្រហមរវាងម៉ូតូ២គ្រឿងបុកបញ្ច្រាសគ្នាពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ ក៏ដូចជាសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៍ដឹកមកកាន់គ្លីនិកឯកជនមួយកន្លែងនៅ ក្រុងបាវិត ។
ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃសុក្រ ២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១៨និង៣០នាទី នៅលើផ្លូវក្រាលក្រួសក្រហមស្ថិតនៅភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង ។
បើតាមសមត្ថកិច្ចនគរបាល ក្រុងបាវិតបានឲ្យកាសែតនគរវត្តដឹងថា ស្ត្រីដែលរងរបួសមានឈ្មោះ អិញ ពុធ អាយុ២១ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានទីលំនៅភូមិច្រកឫស្សី សង្កាត់បាទី ក្រុងបាវិត ខណៈជិះម៉ូតូម៉ាក ហុងដា សេ១២៥ សេរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1E.9897 ខូចខាតយ៉ាងដំណំ ។
ចំណែកភាគីរងគ្រោះម្ខាងទៀត មានឈ្មោះ ពៅ វិបុល អាយុ៥២ឆ្នាំ មុខរបរជាទាហានមានទីលំនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
យោងតាមសាក្សីបានឲ្យដឹងថា មុនកើតហេមានស្ត្រីម្នាក់បានជិះម៉ូតូមួយគ្រឿង ម៉ាក ហុងដាសេ ១២៥ ពណ៌ខ្មៅ ដោយធ្វើដំណើរពីត្បូងទៅជើង លើកំណាត់ផ្លូវក្រាលគ្រួសក្រហម លុះបើកមកដល់ចំណុចខាងលើ ក៏បានបុកប៉ះនឹងម៉ូតូមួយគ្រឿងទៀត ម៉ាកអ៊ែប្លេក ពណ៌ក្រហមលាយស ពាក់ស្លាកលេខ ខម 1.6688 ដែលគេស្គាល់ជាទាហានក្នុងទិសដៅបញ្ច្រាសគ្នា បណ្ដាលឲ្យរងរបួសធ្ងន់ បច្ចុប្បន្នអ្នករងរបួសទាំងពីរនាក់ ត្រូវបានក្រុមគ្រួសារដឹកយកមកព្យាបាលនៅមន្ទីរពេទ្យបូព៌ា បាវិត ។
ចំណែកម៉ូតូទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ចវាស់វែង និងអូសមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដើម្បីដោះស្រាយតាមច្បាប់ ៕ យឹម សុថាន