ភ្នំពេញ៖ ជនសង្ស័យ៣នាក់ដែលជាប់ពាក់ព័ន្ធករណីសម្លាប់ស្ត្រីរកស៊ីចងការប្រាក់ហើយយកសពមកទម្លាក់ចោលក្នុងប្រឡាយទឹកស្អុយ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃបញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃសៅរ៍ ៣រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ដើម្បីចាត់ការតាមច្បាប់។
ជនសង្ស័យឈ្មោះ អាត អឿន ភេទស្រី អាយុ៣១ឆ្នាំ មុខរបរលក់នំប៉័ង (ប្រពន្ធ) ឈ្មោះ កែវ សុផានិត អាយុ២៨ឆ្នាំ មុខរបរលក់នំប៉័ង (ប្តី) និង ឈ្មោះ សុខ ហេង ហៅ អេត ចាយ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅផ្ទះជួល ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យបានត្រូវកញ្ញា សុង ឆវ័ន្ត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញកំពុងធ្វើការសាកសួរ។
គួររំលឹកថា នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការជាមួយនគរបាលរាជធានីភ្នំពេញ និងកម្លាំងនគរបាលខេត្តព្រៃវែង បាននាំខ្លួនឃាតករប្តីប្រពន្ធ២នាក់ មកចង្អុលបង្ហាញ និងធ្វើត្រាប់ពីទីកន្លែងដែលពួកគេវាយសម្លាប់ នារីអ្នករកស៊ីរាប់លុយម្នាក់ ហើយយកសពមកទម្លាក់ចោលក្នុងប្រឡាយទឹកស្អុយ ស្ថិតនៅផ្លូវ៣៧១ ភូមិអូបែកក្អម សង្កាត់អូបែកក្អម ខណ្ឌសែនសុខ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨។
លោក ជាវ វិបុលនាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋានគរបាលព្រហ្មទណ្ឌ បានបញ្ជាក់ថា ជនរងគ្រោះក្នុងអំពើឃាតកម្មនេះឈ្មោះ ខ្នើយ សឹង អាយុ៣១ឆ្នាំ ស្នាក់នៅភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។
តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង៣នាក់ បានឲ្យដឹងថា កន្លងមកឈ្មោះ អាត អឿន បានចងការប្រាក់ពីជនរងគ្រោះចំនួន២០ម៉ឺនរៀល។ ដោយមើលឃើញជនរងគ្រោះមានម៉ូតូ និងគ្រឿងអលង្កាជាប់ខ្លួននោះ ជនសង្ស័យទាំង៣នាក់ ក៏បានរៀបចំផែនការសម្លាប់ និងប្លន់យកទ្រព្យសម្បត្តិពីជនរងគ្រោះតែម្តង។
នៅវេលាម៉ោងប្រមាណ៤រសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ខណៈជនរងគ្រោះ បានចូលទៅក្នុងផ្ទះរបស់ឈ្មោះ អាត អឿន ស្ថិតនៅផ្ទះជួល ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ស្រាប់តែឈ្មោះ អេត ចាយ បានស្ទុះទៅវាយចាប់ជនរងគ្រោះបោកទៅលើឥដ្ឋ ហើយឈ្មោះ អេត ចាយ ចាប់ដៃ និងឈ្មោះ កែវ សុផានិត ចាប់ជើង។ ដោយឡែក ឈ្មោះ អាត អឿន បានយកទំពួកខោអាវរឹតកជនរងគ្រោះរហូតស្លាប់។
ក្រោយសម្លាប់ជនរងគ្រោះរួចហើយ ជនសង្ស័យបានយកភួយរុំសពជនរងគ្រោះ រួចលើកដាក់ក្នុងកញ្ចេនំប៉័ងដឹកតាមកង់ យកទៅទម្លាក់ចោលនៅតាមបណ្តោយផ្លូវលេខ៣៧១ ជាប់ស្ថានីយ៍ប្រេងតេឡា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ក្រោយទម្លាក់សពជនរងគ្រោះរួចហើយ ជនសង្ស័យទាំង៣នាក់ បានយកម៉ូតូរបស់ជនរងគ្រោះទៅដាក់បញ្ចាំ នៅម្តុំឃ្លាំងរំសេងបានប្រាក់ចំនួន៥៥០ដុល្លារ និងទូរស័ព្ទដៃអាយហ្វន យកទៅលក់នៅផ្សារឃ្លាំងរំសេវ បានប្រាក់៦៥ដុល្លារទៀត។ តែឈ្មោះ អេត ចាយ បានប្រាក់តែ១០០ដុល្លារទេ ចំណែកប្រាក់នៅសល់ គឺជនសង្ស័យទាំង២នាក់ប្តីប្រពន្ធជាអ្នកយក។
លោក ជាវ វិបុលបានបន្តថា មុនឈានដល់ប្រតិបត្តិការចាប់ជនសង្ស័យទាំង៣នាក់នេះ នាយកដ្ឋានព្រហ្មទណ្ឌ បានទទួលពាក្យបណ្ដឹងពីបងប្អូនរបស់ជនរងគ្រោះ ដោយអះអាងថា មានការបាត់សមាជិកក្រុមគ្រួសាររយៈពេល១០ថ្ងៃ មិនឃើញ។ បន្ទាប់ពីទទួលបានពាក្យបណ្តឹង នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានបើកការស្រាវជ្រាវ រហូតកំណត់មុខសញ្ញាបាន និងឈានដល់ការចាប់ខ្លួនជនដៃដល់ទាំង៣នាក់តែម្តង ដោយមានកិច្ចសហការជាមួយនគរបាលរាជធានីភ្នំពេញ និងនគរបាលខេត្តព្រៃវែង៕ ចេស្តា