ខេត្តកណ្ដាលៈ រថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿងបើកបោះពួយដូចហោះបានជ្រុលទៅបុកគោយន្តកន្ត្រៃពីក្រោយពេញមួយទំហឹង បណ្ដាលឲ្យបុរសម្នាក់ជាអ្នកបើកគោយន្តធ្លាក់ត្រូវរថយន្តកិនស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១៣ និង០៥នាទី ថ្ងៃសុក្រ ២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិព្រែកតាកេរ ឃុំកោះធំខ ស្រុកកោះធំ ខេត្តកណ្ដាល ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតឈ្មោះ សៅ យ៉ុង ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិស្លឹកបន្ទំខាងត្បូង ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ ជាអ្នកបើកគោយន្តកន្រ្តៃ ម៉ាកគូបូតា ពណ៌ក្រហម ។ ចំណែករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-5662 បើកបរដោយឈ្មោះ សុក នី ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិវៀតណាម មុខរបរ បើកបរ ស្នាក់នៅក្នុងភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន) ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះបានបើកគោយន្តកន្ត្រៃទាមបណ្ដោយផ្លូវជាតិលេខ២១ ក្នុងទិសដៅពីជើងទៅត្បូង (តាខ្មៅឆ្ពោះទៅជ្រៃធំ)លុះជិះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿង(រថយន្តបង្ក) បើកដោយល្បឿនលឿន បានទៅបុកគូថគោយន្តកន្រ្តៃពីក្រោយស្របទិសគ្នា ពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះធ្លាក់ពីលើគោយន្តត្រូវរថយន្តកិនបែកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។
ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចជំនាញស្រុកបានចុះទៅកន្លែងកើតហេតុ រួចធ្វើការពិនិត្យវាស់វែង កសាងសំណុំរឿងដកហូតមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿងយកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺបណ្ដាលមកពីអ្នកបើកបររថយន្តបើកក្នុងល្បឿនលឿន ធ្វេសប្រហែស មិនប្រយ័ត្ន ទើបបានជាបុកគោយន្តកន្ត្រៃពីក្រោយ បណ្ដាលឲ្យស្លាប់យ៉ាងបែបនេះ ៕ ស្អាងជ័យ