ភ្នំពេញ ៖ បុរសចំណាស់ម្នាក់ដែលអង្គុយលើស្នោផឹកស្រា ស ច្រៀងលេងបណ្តើរហើយភ្លាត់ស្នៀតធ្លាក់ចូលទឹកលង់ស្លាប់នោះ ឥឡូវនេះឃើញសាកសពហើយ ខណៈអណ្តែតឡើង កាលពីយប់ម៉ោង១១និង២០នាទី ថ្ងៃសុក្រ ២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨។
បុរសវ័យចំណាស់ម្នាក់ ជិះស្នោអង្គុយផឹកស្រាស បណ្តើរច្រៀងលេងបណ្តើរ ភ្លាត់ស្នៀត បណ្ដាលឲ្យស្នោ ក្រឡាប់ធ្លាក់ចូលទឹកលិចស្លាប់រកសាកសពមិនឃើញ បង្កការភ្ញាក់ផ្អើលតាំងពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃព្រហស្បតិ៍ ១រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅត្រពាំងអង្គ ភូមិជ្រេសខាងជើង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
ជនរងគ្រោះឈ្មោះ ប៊ូ ឡាំ ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរនៅផ្ទះ ភូមិ សង្កាត់កើតហេតុខាងលើ ។
តាមសាច់ញាតិ ក្រុមគ្រួសារ បានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ជនរងគ្រោះ ចុះជិះលើស្នោ បណ្តែតទឹក និងផឹកស្រាស ច្រៀងលេង «ជិះទូកលេងតាមគង្គា» តែជាចៃដន្យ ដុំស្នោនោះបានក្រឡាប់ ធ្វើឲ្យជនរងគ្រោះដាំដូងធ្លាក់ចូលទៅក្នុងទឹកលិចបាត់តែម្តង បង្កឲ្យផ្អើលឆោឡោ សាច់ញាតិ ប្រជាពលរដ្ឋ ចុះរាវរកភ្លាមៗ តែរកមិនឃើញ ហើយដឹងថា ជនរងគ្រោះពិតជាស្លាប់ហើយ ដោយសារលង់ស្លាប់ លិចបាត់ក្នុងទឹក ទើបតែឃើញសាកសពអណ្តែតឡើងនៅពេលនេះ ហើយក្រុមគ្រួសារបាបរៀបចំធ្វើបុណ្យតាមប្រពៃណី ៕ តុង សីហា