ភ្នំពេញ ៖ នៅព្រឹកថ្ងៃចន្ទ ៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងធនធានទឹក និងឧតុនិយម ។
ថ្លែងនៅក្នុងពិធីជួបសំណេះសំណាលនោះ លោករដ្ឋមន្ត្រី បានរំលឹកឡើងនូវស្នាដៃរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានចាប់ផ្តើមពីបាតដៃទទេរ រហូតដល់មានការអភិវឌ្ឍ និងរីកចម្រើនលូតលាស់គ្រប់វិស័យ ។
ជាក់ស្តែងដូចជាវិស័យធារាសាស្ត្ររបស់យើងស្រាប់ ដែលផ្តើមចេញពីប្រព័ន្ធធារាសាស្ត្រ ដែលមានលទ្ធភាពស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលស្រូវ៤០៧.០០០ហិកតា ស្មើនឹងប្រមាណ១៨ភាគរយ នៃផ្ទៃដីបង្កើនផល នាឆ្នាំ១៩៩៨ រហូតដល់មានលទ្ធភាពស្រោចស្រពលើផ្ទៃដីបង្កបង្កើនផល ១.៧១៦.៧២០ ហិកតា ស្មើនឹងប្រមាណ ៥៩ ភាគរយ នៃផ្ទៃដីបង្កបង្កើនផល គិតត្រឹមដំណាច់ឆ្នាំ ២០១៧ ។
ចំពោះវិស័យឧតុនិយម ដែលពីដើមមក យើងស្ទើរតែគ្មានអ្វីសោះ ប៉ុន្តែបច្ចុប្បន្ន យើងមានស្ថានីយរ៉ាដា តេជោសែន ដ៏ទំនើបដែលកំពុងមប្រើឱ្យការព្យាកររបស់យើង ។ លោករដ្ឋមន្ត្រី បានបន្ថែមថា ក្រៅពីផ្នែកធារាសាស្ត្រ និងផ្នែកឧតុនិយម ក៏មានផ្នែកផ្សេងៗទៀតដែលជាសមត្ថកិច្ចរបស់ក្រសួង ក៏មានការរីកចម្រើនព្រមៗគ្នាផងដែរ ។
ក្នុងឱកាសនោះផងដែរ លោករដ្ឋមន្ត្រី ក៏បានរំលឹកណែនាំដល់មន្ត្រីរាជការទាំងអស់របស់ក្រសួងឲ្យទៅចូលរួមបោះឆ្នោតទាំងអស់គ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ថែរក្សានូវសុខសន្តិភាព និងអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចម្រើនថែមទៀត ៕ សុខខេមរា