ភ្នំពេញ៖ បុរសម្នាក់ទុកម៉ូតូ មិនបានចាក់សោ រួចដើរចូលបន្ទប់មិត្តភក្ដិមួយសន្ទុះចេញមកវិញ ស្រាប់តែបាត់ម៉ូតូ បង្កឲ្យមានការផ្អើលឆោទ្បោ និងទៅដាក់ពាក្យប្តឹងដល់សមត្ថកិច្ច។
ក្រោយទទួលពាក្យបណ្តឹងសមត្ថកិច្ច បានចុះធ្វើការស្រាវជ្រាវ ដោយឃាត់ខ្លួនជាក់ស្តែង បានជនសង្ស័យពីរនាក់ ។
ករណីនេះ បានកើតឡើងកាលពីថ្ងៃទី២៩ ខែ មិថុនា ឆ្នាំ ២០១៨ នៅចំណុចបន្ទប់ជួលតាមផ្លូវ៩០៧ក្រុម៥ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះចិក សល់ភេទ ប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបន្ទប់ជួល ផ្លូវ៩០៧ ក្រុម០៥ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។
ចំណែកជនសង្ស័យទី១ឈ្មោះ សុខ ថង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ(ឃាត់ខ្លួន) និងទី២ឈ្មោះ ចាន់ គី ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ (ឃាត់ខ្លួន)។
សម្ភារដកហូតបានរួមមាន៖
– ម៉ូតូមួយគ្រឿងម៉ាកស៊ុយសូគីវីវ៉ា ពណ៌ខ្មៅ ស៊េរី២០១១ ពាក់ស្លាកលេខ ភ្នំពេញ 1BB-0647
– ដែកសំប៉ែតចុងស្រួចចំនួនមួយ
– កូនសោខ្សៀលេខ៨ចំនួន១។
សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ៧យប់ ជនរងគ្រោះ បានជិះម៉ូតូចេញពីកន្លែងធ្វើការ មកកាន់បន្ទប់ជួល ហើយបានចតម៉ូតូនៅក្បែរនោះ ដោយមិនបានចាក់សោក គ្រាន់តែចុចកុងតាក់សម្ងាត់ ហើយក៏បានដើរចូលទៅក្នុងបន្ទប់មិត្តភក្ដិមួយសន្ទុះ ក្រោយមកដើរចេញមកវិញមិនឃើញម៉ូតូ ទើបជនរងគ្រោះផ្អើលឆោឡោ និងមកដាក់ពាក្យបណ្តឹងសមត្ថកិច្ចតែម្តង។
ក្រោយពីបានពាក្យបណ្តឹង សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ លុះមកដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨វេលាម៉ោង ៦ និង៥នាទីល្ងាច កម្លាំងខណ្ឌ និងប៉ុស្តិ៍ បានធ្វើការឃាត់ខ្លួនជាក់ស្តែង ជនសង្ស័យបានចំនួន ០២នាក់ នៅចំណុចផ្លូវបេតុង ភូមិបាក់ទូក សង្កាត់ទួលសង្កែមួយ ខណ្ឌឫស្សីកែវ និងដកហូតវត្ថុតាងខាងលើ នាំមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ១ ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនិតិវិធី ៕ អរុណរះ