ខេត្តត្បូងឃ្មុំ៖ កម្លាំងគយចល័ត បានបន្តបើកប្រតិបត្តិការ ដេញចាប់រថយន្តដឹកទំនិញល្មើសធុនធំមួយគ្រឿង និងរថយន្តកាម៉ារីរបស់ម្ចាស់ទំនិញមួយគ្រឿងទៀត នៅភូមិសាស្រ្តច្រករបៀង ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ក្នុងប្រតិបត្តិការដេញចាប់រថយន្តដឹកទំនិញល្មើសច្បាប់ទាំងនោះ បានធ្វើឡើងដឹកនាំបញ្ជាផ្ទាល់ពីលោក ព្រាប ការ៉ាត់ មន្រ្តីគយចល័ត និងក្រោមការចង្អុលបង្ហាញ ពីប្រធាននាយកដ្ឋាន។
យោងតាមប្រភពពីមន្រ្តីគយចល័យ បានឲ្យដឹងថា នៅរសៀលថ្ងៃចន្ទ ៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ថា សម្រាប់ប្រតិបត្តិការដេញចាប់រថយន្តដឹកទំនិញល្មើសទាំងនេះ ដែលធ្វើឡើងកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នោះ ស្រាប់តែម្ចាស់ទំនិញបានយកកាម៉ារីមួយគ្រឿង មករារាំងរថយន្តស៊ីរ៉ែតរបស់ក្រុមមន្រ្តីគយទៀតផង។
មន្រ្តីគយចល័តបានបញ្ជាក់ថា ចំណូលនៃការបង់ពន្ធចូលរដ្ឋមានការកើនឡើង ក៏ដោយសារតែកម្លាំងគយចល័យ បានបន្តចុះបង្ក្រាបរថយន្តដឹកទំនិញល្មើសច្បាប់ជាច្រើនករណីកន្លងមក ហើយពួកគេបង្វែការបង់ពន្ធ ជូនរដ្ឋវិញ។សម្រាប់ប្រតិបត្តិការទាំងនេះ បានធ្វើឲ្យឈ្នួញទាំងឡាយមានភាពរអារ និងខ្លាចឈប់នាំចូលទំនិញគេចពន្ធបន្តទៀត។
មន្រ្តីគយចល័តបានបន្តទៀតថា ដោយឡែកចំពោះការបង្រ្កាបរថយន្តអត់ពន្ធវិញ កម្លាំងគយចល័ត នឹងត្រូវធ្វើឡើងជាប់ជានិច្ចដូចភ្លៀងរលឹម ៕ សហការី