ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រី លឹម គានហោ ទទួលសញ្ញាបត្រកិត្តិបណ្ឌិត ផ្នែកគ្រប់គ្រងធនធានទឹក នៃរាជបណ្ឌិត្យសភាកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ នៅទីស្តីការ ក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃអង្គារ ៦រោច ខែបឋមាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រួវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ មានរៀបចំពីធីប្រគល់ សញ្ញាបត្រកិត្តិបណ្ឌិត ផ្នែកគ្រប់គ្រងធនធានទឹក នៃរាជបណ្ឌិត្យសភាកម្ពុជា ជូនលោក លឹម គានហោ រដ្ឋមន្ត្រី ក្រសួងធនធានទឹក និងឧតុនិយម គឺ ប្រគល់ជូនដោយ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។

ពីធីប្រគល់ សញ្ញាបត្រកិត្តិបណ្ឌិត ផ្នែកគ្រប់គ្រងធនធានទឹក នៃរាជបណ្ឌិត្យសភាកម្ពុជា ជូនលោក លឹម គានហោ រដ្ឋមន្ត្រី ក្រសួងធនធានទឹក និងឧតុនិយម នេះមានការអញ្ជើញចូលរួមផ្តល់ជាកិត្តិយសពីលោកបណ្ឌិតសភាចារ្យ ចំនួន៧រូប រួមមាន៖លោកបណ្ឌិតសភាចារ្យ នេត្រ បារ៉ុម ,លោកបណ្ឌិតសភាចារ្យ សំ សោភាន់ ,លោកបណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ ,លោកបណ្ឌិតសភាចារ្យ សុខ ទូច ,លោកបណ្ឌិតសភាចារ្យ ស៊ុំ ឈុំប៊ុន ,លោកបណ្ឌិតសភាចារ្យ ច័ន្ទ សំណព្វ ,លោកបណ្ឌិតសភាចារ្យ សោម សុមុនី ,និងអស់លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អាជ្ញាធរទន្លេសាប អគ្គនាយក អគ្គនាយករង ប្រធាន-អនុប្រធាននាយកដ្ឋាន ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមទាំង២៥រាជធានី-ខេត្ត និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ តំណាងអង្គការជាដៃគូជាច្រើននាក់។

ក្នុងឱកាសនោះដែរ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍លើកឡើង និងស្ងើចសរសើរ ដល់លោករដ្ឋមន្រី្ត លឹម គានហោ ដែលបានខិត ខំសិក្សារៀនសូត្រមិនខ្លាចនឿយហត់ដោយចំណាយពេលមិនតិចឆ្នាំ ប្រកបដោយផ្លែផ្កា ជាពិសេសបានការពារនិក្ខេបបទរាល់មុខវិជ្ជាផ្នែកធនធានទឹក និងឧតុនិយមទទួលបានជោគជ័យ និងស័ក្តិសមទទួលបានសញ្ញាបត្រកិត្តិបណ្ឌិត ផ្នែកគ្រប់គ្រងធនធានទឹក នាពេលនេះ ។

លោកបណ្ឌិតសភាចារ្យ សុខ ទូច ក៏បានរំពឹងផងដែរថា លោក កិត្តិ្តបណ្ឌិត លឹម គានហោ នឹង យកចំណេះដឹងដ៏កម្រនេះ ទៅជាការអនុវត្តជាក់ស្តែងដើម្បី បម្រើ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសប្រជាពលរដ្ឋខ្មែរទាំងមូលជាមិនខាន។

ជាកិច្ចឆ្លើយតបនឹងប្រសាសន៍ដ៏ថ្លៃថ្លានេះ លោក កិត្តិ្តបណ្ឌិត លឹម គានហោ ក៏បានថ្លែងអំណរគុណដល់រាជ្យបណ្ឌិតសភាកម្ពុជា ដែលផ្តល់នូវសុភវិនិច្ឆ័យត្រឹមត្រូនិងយុត្តិធម៌ក្នុងការផ្តល់ សញ្ញាបត្រកិត្តិបណ្ឌិត ផ្នែកគ្រប់គ្រងធនធានទឹក ចំពោះរូបលោក និងបានប្តេជ្ញាចិត្តយកចំណេះដឹងទាំងអស់ទៅបំពេញកាតព្វកិច្ច ជូនរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា និងជូនប្រជាពលរដ្ឋខ្មែរយ៉ាងអស់ពីចិត្ត និងថ្លើម ។

បន្ទាប់មកក៏មានរៀបចំប្រគល់សញ្ញាបត្រកិត្តិបណ្ឌិត ផ្នែកគ្រប់គ្រងធនធានទឹក នៃរាជបណ្ឌិត្យសភាកម្ពុជា ជូនលោក កិត្តិ្តបណ្ឌិត លឹម គានហោ ដោយថ្នាក់ដឹកនាំ នៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោមបន្លឺស្នូរទះដៃអបអរសាទរ យ៉ាងកងរំពង ពីគណៈអធិបតី និងភ្ញៀវ ជាតិ អន្តរជាតិដែលបានចូលរួម ព្រមទាំងមានជូនបាច់ផ្កាផ្តល់កិត្តិយសផងដែរ ៕ ប្រាថ្នា


ចែករំលែក៖