ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ខណៈចេញពីផឹកស៊ីវិញស្រវឹង បានជិះម៉ូតូក្នុងល្បឿនលឿន បានជ្រុលទៅ កង់បីឥណ្ឌា ដែលកំពុងតែជិះឆ្លងកាត់ទទឹងផ្លូវ ។
ហេតុការណ៍នេះដែរបានកើតឡើងនៅវេលាម៉ោង៩យប់ ថ្ងៃចន្ទ ៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ ចំណុចផ្លូវ ព្រះនរោតម្ត កែងនិងផ្លូវ ៣៨០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
តាមប្រភព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ បុរសម្នាក់ បានបើកកង់បីឥណ្ឌា ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ GS 0718 បានធ្វើដំណើរតាមផ្លូវ ៣៨០ ក្នុងទិសដៅ ពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ បានឆ្លងកាត់ទទឹងផ្លូវ ហើយស្របពេលនោះដែរ ក៏ស្រាប់តែបុរសម្នាក់ទៀត បានជិះម៉ូតូម៉ាក ហុងដា វ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1C 0249 បានធ្វើដំណើរតាមផ្លូវ ព្រះនរោតម្ត ក្នុងទិសដៅ ពីត្បូងទៅជើង ក្នុងល្បឿនលឿន បានជ្រុលទៅបុកនឹងម៉ូតូកង់បីឥណ្ឌា ដែលកំពុងតែជិះឆ្លងទទឹងផ្លូវ ចំពាក់កណ្តាល ពេញទំហឹង បណ្តាលឲ្យ ម៉ូតូបាក់ខ្នង និងដាក់ជា ពីរកំណាត់ និងធ្វើឲ្យអ្នកបើកម៉ូតូ ដួលបោកក្បាលទៅថ្នល់ ហូរឈាមសន្លប់ស្តូកស្តឹង ត្រូវបានរថយន្តសង្គ្រោះបានមកដឹកជនរងគ្រោះយកទៅសង្គ្រោះនៅគ្លិនិចឯកជន ភ្លាមៗ។
ដោយឡែកខាងម៉ូតូកង់បីឥណ្ឌា រងការខូចខាតក្រពិត ចំហៀងខាងស្តាំ តែមិនមានគ្រោះថ្នាក់ដល់អ្នកបើកម៉ូតូនោះ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងជំនាញខណ្ឌបានចុះទៅកន្លែងកើតហេតុ រួចហើយក៏បានវាស់វែងយកម៉ូតូទាំងពីរគ្រឿង ទៅរក្សារទុកនៅអធិការដ្ឋានខណ្ឌចំការមនដើម្បីរង់ចាំដោះស្រាយ ៕ សុខាសែនជ័យ