ព័ត៌មានទាន់ហេតុការណ៍៖

តន្ត្រីករ២នាក់បានស្លាប់ក្នុងករណីរថយន្តដឹកទំនិញបុករថយន្តដឹកឧបករណ៍តន្ត្រីនៅកៀនស្វាយ

ចែករំលែក៖

ខេត្តកណ្តាល៖ រថយន្តដឹកឧបករណ៍តន្ត្រី១គ្រឿងបានជួបគ្រោះថ្នាក់ដោយសាររថយន្តដឹកទំនិញបើកបុកពីក្រោយពេញទំហឹងបណ្តាលឲ្យតន្ត្រីករ២នាក់ស្លាប់នៅកន្លែងកើតហេតុ និង៤នាក់ទៀតរងរបួស ចំណែករថយន្តដឹកឧបករតន្ត្រីក្រឡាបផ្ងាជើងខូចឧបករណ៍តន្ត្រីស្ទើរទាំងស្រុង ដោយឡែករថយន្តបង្កខ្ទេចផ្នែកខាងមុខ អ្នកបើកបរត្រូវសមត្ថកិច្ចឃាត់ខ្លួនរួមជាមួយ និងព្រូម្នាក់ ។

ករណីគ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅវេលាម៉ោង១ និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ១ ភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-7384 បើកដោយឈ្មោះស៊ិន ស៊ីណា ភេទប្រុស អាយុ៣១ ឆ្នាំ មានទីលំនៅ ភូមិគួកប៉ែល ឃុំចេក ស្រុកស្វាយរៀង ក្រុងស្វាយរៀង ដោយមានអ្នករួមដំណើរចំនួន០២នាក់ ឈ្មោះស៊ូ ចាន់ថន ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិប្រោះស្វ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង និងឈ្មោះត្រេន ធិ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិប្រោះស្វាជាមួយគ្នា បណ្តាលឲ្យព្រូទាំង២នាក់រងរបួស ។

ចំណែករថយន្តដឹកឧបករណ៍តន្ត្រី ជាប្រភេទរថយន្តកូរ៉េក្បាល ពណ៌ខៀវ ពាក់ស្លាកលេខ ច3035 ភ.ព2 ជិះគ្នាបួននាក់បើកបរដោយឈ្មោះកក សារឿន ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ក្នុងហេតុការគ្រោះថ្នាក់នេះបណ្តាលឲ្យតន្ត្រីករ២នាក់ស្លាប់នៅកន្លែងកើតហេតុ និង២នាក់ទៀតរងរបួស ។ ជនរងគ្រោះដែលស្លាប់នៅកន្លែងកើតហេតុមានឈ្មោះ គ្រឿន សំនាង ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរលេងភ្លេង ស្នាក់នៅភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល និងម្នាក់ទៀតមានឈ្មោះ សុខ រី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរលេងភ្លេង ស្នាក់នៅភូមិទួលក្របៅ ឃុំគរគី ស្រុកកៀនស្វាយ ។

លោកហង្ស ផាន់ណារ៉ា អធិការរងនគរបាលស្រុកកៀនស្វាយទទួលការងារសណ្តាប់ធ្នាប់ចរាចរបានឲ្យដឹងថា តាមការបំភ្លឺរបស់ជនរងគ្រោះ មុនពេលកើតហេតុរថយន្តប្រភេទដឹកទំនិញបើកបរក្នុងទិសដៅពីភ្នំពេញទៅអ្នកលឿងដោយបើកបរក្នុងល្បឿនលឿន ចំណែករថយន្តដឹកឧបករណ៍តន្ត្រីបានខូចឈប់ជួសជុលនៅចិញ្ចើមផ្លូវ គ្រានោះស្រាប់តែរថយន្តដឹកទំនិញឃើញរថយន្តដឹកឧបករណ៍តន្ត្រីឈប់នៅពីមុខដែរតែបើកគេចមិនផុតព្រោះនៅជិតពេកបណ្តាលឲ្យបុករថយន្តដឹកឧបករណ៍តន្ត្រីចំពីក្រោយពេញទំហឹងក្រឡាប់តែម្តងជះឧបករណ៍តន្ត្រីពេញលើផ្លូវ ស្លាប់តន្ត្រីករ២នាក់ និង២នាក់ទៀតរងរបួសធ្ងន់ ចំណែករថយន្តដឹកទំនិញខូចខាតផ្នែលខាងមុខ អ្នកបើកបរត្រូវឃាត់ខ្លួនរួមជាមួយព្រូ២នាក់ ។

លោកអធិការរងបានបន្តថា ករណីនេះបណ្តាលមកពីអ្នកបើកបររថយន្តដឹកទំនិញឈ្មោះស៊ិន ស៊ីណា ធ្វេសប្រហែស ខ្ជីខ្ជាមិនប្រុងប្រយ័ត្ន មិនមើលស្ថានភាពផ្លូវនៅខាងមុខមានឧបសគ្គ បើកបរក្នុងល្បឿនលឿន។

ដោយឡែកអ្នកបើកបររថយន្តឈ្មោះកក សារឿនធ្វេសប្រហែស ខ្ជីខ្ជាមិនប្រុងប្រយ័ត្នឈប់គ្មានដាក់ភ្លើងបំភ្លឺឲ្យសញ្ញាដល់អ្នកប្រើប្រាស់ផ្លូវ។

បច្ចុប្បន្នរថយន្តទាំង២គ្រឿងត្រូវសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ចំណែកអ្នកបើកបររថយន្តដឹកទំនិញត្រូវបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់ ដោយឡែកសាកសពប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សណ្តោស


ចែករំលែក៖