ខេត្តកណ្ដាលៈ បុរសសង្ស័យម្នាក់ផឹកស៊ីស្គាល់គ្នាត្រឹមរយៈពេល២ម៉ោងហ៊ានខ្ចីម៉ូតូបុរសជាអ្នកផឹកជាមួយគ្នាយកទៅបាត់ ចុងក្រោយត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួនយកមកអធិការដ្ឋាននគរបាលស្រុកចាត់ការតាមច្បាប់ ។ ករណីរំលោភលើទំនុកចិត្ដខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២១និង៤០នាទី ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចមុខផ្ទះឈ្មោះ ផុន សឿន ស្ថិតក្នុងភូមិកោះកែវក្រោម ឃុំកោះកែវ ស្រុកល្វាឯម ខេត្តកណ្តាល ។
មន្រ្ដីនគរបាលស្រុកល្វាឯមបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនមានឈ្មោះ ជា ប្រុស ពៅ ភេទប្រុស អាយុ១៧ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករស្ទូចផ្ទះ មានទីលំនៅភូមិកោះតូច ឃុំ កោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ចំណែកជនរងគ្រោះឈ្មោះ លាង វិឆៃ ភេទប្រុស អាយុ២៦ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិកោះកែវក្រោម ឃុំកោះកែវ ស្រុកល្វាឯម ខេត្តកណ្តាល ។ សម្ភារៈបាត់បង់មាន៖ ម៉ូតូចំនួន០១គ្រឿង ម៉ាកស៊ុយសូគីឡែត ឡើងស៊េរីឆ្នាំ២០១៨ (មិនទាន់ធ្វើស្លាកលេខ) ពណ៌សលាយលឿង និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ របស់ជនរងគ្រោះ១សន្លឹក (ទុកក្នុងកែបម៉ូតូ) ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ជនសង្ស័យបានមកស៊ីឈ្មួលស្ទូចផ្ទះពលរដ្ឋនៅក្នុងភូមិកោះកែក្រោម ។ លុះធ្វើការបានរយៈពេល២ថ្ងៃ គឺថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ ក្រោយពីសម្រាកពីការងារជនសង្ស័យបាននាំបក្ខពួកទិញស្រាផឹកដោយមានជនរងគ្រោះផងដែរ ។ លុះផឹកបានរយៈពេល២ម៉ោងស្រាប់តែជនសង្ស័យបានស្គាល់ជនរងគ្រោះដោយសម្ដែងនៅភាពស្និតស្នាល ភ្លាមនោះក៏ប្រើល្បិចខ្ចីម៉ូតូជនរងគ្រោះ ដោយប្រាប់ថា ទៅទិញទឹកក្រូចកូកាកូឡាមួយភ្លែត ខណៈនោះជនរងគ្រោះក៏បានឲ្យម៉ូតូទៅជនសង្សយ័ ភ្លាមនោះជនសង្ស័យក៏បានជិះម៉ូតូយកទៅបាត់តែម្តង ។ ដោយរងចាំយូរៗមិនឃើញជនសង្ស័យយកម៉ូតូត្រឡប់មកឲ្យខ្លួនវិញ ជនរងគ្រោះក៏បានតាមស្វែងរករហូតដល់ថ្ងៃ២ ខែកក្កដា ឆ្នាំ២០១៨ ជនរងគ្រោះបានទទួលព័ត៌មានថា ជនសង្សយ័បានចូលផ្ទះរបស់ខ្លួននៅភូមិកោះតូច ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ភ្លាមនោះក៏បានទៅដល់ផ្ទះជនសង្ស័យ ស្រាប់តែឃើញជនសង្ស័យនៅផ្ទះ រួចក៏ដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលកោះឧកញ៉ាតី ដើម្បីអន្ដរាគមន៍ចាប់ខ្លួន ។
ប្រភពដដែលបន្ដទៀតថា ក្រោយពីសមត្ថកិច្ចទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ ភ្លាមនោះសមត្ថកិច្ចក៏ធ្វើការចាប់ខ្លួនជនសង្ស័យខាងលើ យកមកប៉ុស្ដិ៍ដើម្បីធ្វើការសួរនាំ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានយកម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន ដោយយកទៅដោះដូរគ្រឿងបញ្ចាំបានប្រាក់ចំនួន១៥០ដុល្លារសហរដ្ឋអាមេរិក និងប្រាក់រៀលចំនួន៦ម៉ឺនរៀល ក្រោយពីបានប្រាក់ទាំងនោះអស់ហើយ ខ្លួនបានយកប្រាក់នោះទៅដើរស៊ីចាយរហួតដល់អស់ ។ លុះដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ក៏មានជនម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណបានបោកយកម៉ូតូនេះពីជនសង្សយ័យកទៅបន្តទៀត ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ដ ដើម្បីចាត់ការបន្ដតាមនីតិវិធី ៕ ស្អាងជ័យ