ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស៊េរីទំនើប២គ្រឿងបុកគ្នាបង្កការកក់ស្ទះចរាចរពេញផ្លូវ

ចែករំលែក៖

ភ្នំពេញ៖ ដោយសារតែរថយន្ត២គ្រឿងបុកគ្នា បានបង្កឲ្យមានការកក់ស្ទះចរាចរពេញផ្លូវ ខណេះដែល រថយន្តម៉ាកឡិចស៊ីស LX570 ពាក់ស្លាកលេខ ខេមរ:ភូមិន្ទមួយគ្រឿង បើកបរមិនប្រយ័ត្នជ្រុលទៅបុកពីក្រោយរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ​ រងការខូចខាតយ៉ាងដំណំ ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤និង៤៥នាទីល្ងាច ថ្ងៃចន្ទ ៥រោច ខែបឋមាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ នៅតាមបណ្តោយ ផ្លូវលេខ ៤៨៨ (ខាងកើតរង្វង់មូលផ្សារដើមថ្កូវ) ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AQ-2828 មួយគ្រឿង បើកបរដោយបុរសម្នាក់រួមទាំងស្ត្រីចំនួន២នាក់ទៀត រួមដំណើរផងដែរ។ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តស៊េរីទំនើបម៉ាកឡិចស៊ីស LX570 ពាក់ស្លាកលេខ ខេមរភូមិន្ទ2-0817មួយគ្រឿង ដែលបើកបរដោយបុរសម្នាក់ជាមន្ត្រីយោធាថ្នាក់ខ្ពស់ម្នាក់នោះ ទៅបុកពីក្រោយ បណ្តាលឲ្យកំពិតរងការខូច ខាតយ៉ាងដំណំតែម្តង តែសំណាងល្អមិនបង្កឲ្យមានមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ។

ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ ក៏បានចុះមកដល់កន្លែងកើតហេតុ វាស់វែងនិងឲ្យភាគីទាំងពីរដោះស្រាយគ្នា ដោយខាងរថយន្តឡិចស៊ីស ព្រមយករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ទៅជួសជុលឲ្យវិញ ដើម្បីជាការបញ្ចប់រឿងតែម្តង ៕ ស​ រស្មី


ចែករំលែក៖