ព័ត៌មានទាន់ហេតុការណ៍៖

ចោរចិត្តធម៌លួចម៉ូតូស៊េរីទំនើប ទុកម៉ូតូកញ្ចាស់ឲ្យម្ចាស់ជិះទៅធ្វើស្រែជាជាងជិះកង់

ចែករំលែក៖

ខេត្តតាកែវ: នេះបានហៅថា មហាលោកចោរមែន ដែលចេះប្រើចិត្តធម៌លួចម៉ូតូស៊េរីថ្មីទំនើប មានតម្លៃខ្ពស់ សុខចិត្តទុកម៉ូតូស៊េរីចាប់ឆាយកញ្ចាស់ម៉ាកហុងដាវ៉េវអាល់ហ្វា មួយគ្រឿងឲ្យម្ចាស់ ជិះទៅធ្វើស្រែជាជាងជិះកង់ ។

ករណីចោរលួចម៉ូតូស៊េរីថ្មី ទុកម៉ូតូកញ្ចាស់ឲ្យម្ចាស់ជិះទៅធ្វើស្រែជាជាងជិះកង់នេះ បានកើតឡើងនៅចន្លោះម៉ោង៧ទៅម៉ោង៩ព្រឹក ថ្ងៃអង្គារ ៦រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ នៅភូមិស្រែឈើនាង ឃុំស្រែននោង ស្រុកត្រាំកក់ ខេត្ត តាកែវ ។

អ្នកភូមិ ស្រែឈើនាង បានឲ្យដឹងថា មុនពេលកើតហេតុ ឈ្មោះតុប សុភាស់ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ ធ្វើស្រែ រស់នៅភូមិស្រែឈើនាង ឃុំស្រែននោង បានទុកម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ តាកែវ1Q7601 នៅក្រោមផ្ទះហើយម្ចាស់ចេញទៅភ្ជួរស្រែបាត់។ ក្រោយមកមានជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានចូលលួចយកម៉ូតូ១គ្រឿងនេះទៅបាត់ ដោយបានបន្សល់ទុកម៉ូតូកញ្ចាស់របស់វា១គ្រឿង ម៉ាកហុងដាវ៉េវអាល់ហ្វា ចម្រុះពណ៌ក្រហម-ខ្មៅ-ខៀវ ពាក់ស្លាកលេខ ព្រះសីហនុ1C1570 នៅមុខផ្ទះជនរងគ្រោះ។

ក្រោយកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ស្រែននោង ហើយករណីខាងលើសមត្ថកិច្ចបានដកហូតវត្ថុតាងរបស់ជនសង្ស័យមករក្សាទុក នៅប៉ុស្តិ៍រង់ចាំស្រាវជ្រាវកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕ សហការី


ចែករំលែក៖