ព័ត៌មានទាន់ហេតុការណ៍៖

លោក គន់ គីម៖ មន្ត្រីបម្រើប្រជាពលរដ្ឋមិនបានល្អ មិនមែនបំណងប្រាថ្នាសម្តេចតេជោឡើយ, សុំកុំខឹងគោវាយរទេះ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ ក្នុងកិច្ចសំណេះសំណាលជាមួយប្រជាប្រជាពលរដ្ឋ ក៏ដូចជាសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃអង្គារ ៦រោច ខែបឋមាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ លោក គន់ គីម សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា​​ និងជាប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តឧត្តរមានជ័យ បានថ្លែងសុំការយោគយល់ពីសំណាក់ប្រជាពលរដ្ឋចំពោះភាពអសកម្ម និងចន្លោះប្រហោងមួយចំនួនក្នុងការផ្តល់សេវារបស់មន្រ្តីរាជការ ក៏ដូចជាមន្រ្តីនៅតាមមូលដ្ឋាន។

លោក គន់ គីម បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា កំពុងដឹកនាំរាជរដ្ឋាភិបាលនោះ តែងតែក្រើនរំលឹកដល់មន្រ្តីរាជការទាំងអស់ឲ្យដាក់បេះដូងបម្រើជាតិ និងប្រជាជន។ ប៉ុន្តែភាពអសកម្ម និងភាពចន្លោះប្រហោងមួយចំនួនកើតចេញពីការបម្រើរបស់មន្រ្តីនៅតែបន្តកើតមាន តែមិនមែនជាបំណងប្រាថ្នារបស់សម្តេចតេជោនោះឡើយ។

«សូមបងប្អូនកុំខឹងគោ វាយរទេះ។ សម្តេចតេជោ ហ៊ុន សែន មិនដែលណែនាំឲ្យមន្ត្រីណាធ្វើបាបរាស្ត្រ ផ្ទុយទៅវិញសម្តេចតែងតែជំរុញឲ្យមន្រ្តីយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ ហើយបម្រើឲ្យអស់ពីចិត្ត ឲ្យអស់ពីបេះដូង ហើយបម្រើដោយស្មោះត្រង់។ ដូច្នេះបើបងប្អូនខឹងសម្បាព្រោះភាពអសកម្មរបស់មន្ត្រីមួយចំនួន មិនត្រូវខឹងរាលដាលសម្តេចតេជោនោះទេ សម្តេចបានលះបង់ និងបានពលីកម្មធំធេងណាស់សម្រាប់ជាតិ និងប្រជាជនរបស់យើង»។ លោក គន់ គីម បានបញ្ជាក់បន្ថែម។

មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជារូបនេះ បានថ្លែងបញ្ជាក់ជូនប្រជាពលរដ្ឋដែរថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នឹងបន្តប្រឹងប្រែងកែលម្អលើការផ្តល់សេវាផ្សេងៗជូនប្រជាពលរដ្ឋឲ្យកាន់តែមានភាពល្អប្រសើរ និងប្រសិទ្ធភាពខ្ពស់ថែមទៀត។

ជាមួយការសុំអធ្យាស្រ័យ និងយោគយល់ពីប្រជាពលរដ្ឋចំពោះភាពអសកម្មមួយចំនួនក្នុងការបម្រើប្រជាពលរដ្ឋហើយនោះ លោក គន់ គីម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាលេខរៀងទី២០ ដែលជាគណបក្សដ៏ចាស់ទុំមួយនៅកម្ពុជា គណបក្សបានរំដោះជាតិពីរបបប្រល័យពូជសាសន៍ គណបក្សបានបិទបញ្ចប់ភ្លើងសង្គ្រាម គណបក្សបានដឹកនាំអភិវឌ្ឍន៍ប្រទេសជាតិឲ្យរីកចម្រើន។

លោក គន់ គីម បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត ប្រទេសជាតិបន្តមានសុខសន្តិភាព ប្រទេសជាតិ នឹងបន្តអភិវឌ្ឍន៍កាន់តែរីកចម្រើន ប្រជាជននឹងបន្តមានជីវភាពកាន់តែប្រសើរ៕


ចែករំលែក៖