ភ្នំពេញ៖ អគ្គិភ័យមួយបានឆាបឆេះអគារសំអាងការយីហោ ឃ្វីនអេសធើរ នៅជាន់ទី៣ បង្កការភ្ញាក់ផ្អើលខណះមេឃកំពុងធ្លាក់ភ្លៀង កាលពីវេលាម៉ោង១និង៥០នាទីរសៀលថ្ងៃអង្គារ ៦រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ៤៦ ផ្លូវ១៣៨ ក្រុម២៦ ភូមិ៧ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយសារឆ្លងចរន្តអគ្គិសនី ។
វរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យដឹងថា នៅមុនពេលកើតហេតុ ម្ចាស់ផ្ទះឈ្មោះ ស្រី បូពារ ភេទប្រុស អាយុ៥៣ឆ្នាំ នៅផ្ទះកើតហេតុជាមួយកូនៗ បើកសំអាងការនៅផ្ទះជាន់ក្រោម។ ចំណែកជាន់ទី៣ដែរឆេះ ជាបន្ទប់ធ្វើការរបស់កូន ដែលចាក់សោទុក ខណៈនោះ ក៏បានឆ្លងចរន្តអគ្គិសនីឆាបឆេះឡើងតែម្ដង ។ ភ្លាមនោះបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរខាង បាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យជួយបាញ់ពន្លត់តែមិនរលត់ ទើបរាយការណ៍ ទៅនគរបាលការិយាល័យពន្លត់អគ្គិភ័យក្រុង ចេញរថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង ជួយធ្វើអន្តរាគមន៍បាញ់ពន្លត់ទាន់ពេលវេលា មិនបង្កឲ្យមានមនុស្សរងរបួស និងរាលដាលដល់ផ្ទះប្រជាពលរដ្ឋដទៃទៀត គ្រាន់តែបណ្ដាលឲ្យខូចខាត់សម្ភារៈបន្តិចបន្តួចក្នុងបន្ទប់ធ្វើការ ដូចជាកុំព្យូទ័រ១គ្រឿង សាឡុង , តុ និងសម្ភារមួយចំនួនទៀត ។
គួរបញ្ជាក់ផងដែរថា ខណៈអគ្គិភ័យកំពុងឆាបឆេះនោះ ក៏មានភ្លៀងធ្លាក់យ៉ាងខ្លាំងផងដែរ ប៉ុន្តែអាជ្ញាធរជំនាញនូវតែបន្តជួយធ្វើអន្តរាគមន៍បាញ់ពន្លត់ទាំងភ្លៀងរហូតរលត់ជាស្ថាពរ ។
ក្រោយបញ្ចប់ប្រតិបត្តិការនោះ កម្លាំងជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង បាញ់អស់១គ្រឿង ៕ ស តារា