ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូលឿនជ្រុលបុករថយន្តនិងបន្តបុកម៉ូតូមួយគ្រឿងទៀតរងរបួសធ្ងន់ស្រាល៣នាក់

ចែករំលែក៖

ខេត្តកណ្ដាលៈ មនុស្សស្រីម្នាក់របួសធ្ងន់ និង២នាក់ទៀតរបួសស្រាល៣នាក់ ខណៈជិះម៉ូតូល្បឿនលឿនជ្រុលចង្កូតទៅបុករថយន្តនៅខាងមុខនិងបន្តទៅបុកម៉ូតូមួយគ្រឿងទៀតពេញមួយទំហឹង កាលពីវេលាម៉ោង១៩និង៤០នាទី ថ្ងៃអង្គារ ៦រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ ត្រង់ចំណុចខាងមុខមន្ទីរអប់រំខេត្តកណ្តាល ផ្លូវលេខ១០៦កែង២០៨ ស្ថិតក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។

មន្ត្រីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា ម៉ូតូបង្កម៉ាកMSX ពណ៌ស គ្មានលេខ ជិះដោយឈ្មោះ ស៉ឹម វិចិត្រ ភេទប្រុស​​ អាយុ២៧ឆ្នាំ (របួសស្រាល) មានអ្នករួមដំណើរម្នាក់ឈ្មោះ ចាន់ បូរមីរណ៍ ភេទស្រី អាយុ១៩ឆ្នាំ (របួសធ្ងន់) ។ ជនរងគ្រោះទាំង២នាក់មានទីលំនៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ។ ចំណែករថយន្តម៉ាកIsuzu ពណ៌ខ្មៅ ពាក់ស្លាកលេខ ខេមរភូមិន្ទ02 2-5490 បើកបរដោយឈ្មោះ សាន់ សេដ្ឋា ភេទប្រុស អាយុ៥៤ឆ្នាំ មានទីលំនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ក្នុងហេតុការណ៍ផងដែរម៉ូតូបង្កបានជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៍ខ្មៅ ស្លាកលេខ ភ្នំពេញ 1FG-3887 ជិះដោយឈ្មោះ ឆេន ឡា ភេទប្រុស អាយុ២៣ឆ្នាំ (របួសស្រាល) មានទីលំនៅក្នុងភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ សាក្សីបានឃើញម៉ូតូម៉ាកMSX ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ដោយល្បឿនលឿន លុះជិះមកដល់ចំណុចផ្លូវបំបែក (លេខ១០៦កែង២០៨) បានជ្រុកចង្កូតទៅបុករថយន្តមួយគ្រឿងម៉ាកIsuzu ពណ៌ខ្មៅ បើកក្នុងទិសដៅពីជើងទៅត្បូង បណ្ដាលឲ្យម៉ូតូMSXជ្រុលទៅបុកម៉ូតូហុងដាមួយគ្រឿងទៀត ធ្វើឲ្យនារីម្នាក់ជាអ្នករួមដំណើរម៉ូតូMSXរបួសធ្ងន់ រីឯ២នាក់ទៀតរបួសស្រាល ។

ក្រោយពីមានហេតុការណ៍កើតឡើង នារីរងគ្រោះត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។ ដោយឡែកមធ្យោបាយពាក់ព័ន្ធទាំងគ្រឿងត្រូវបានសមត្ថកិច្ចជំនាញចុះធ្វើការវាស់វែងកសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖