ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាបើករថយន្ដម៉ាកឡិចសុីស RX300 មួយគ្រឿង ក្នុងល្បឿនលឿនមិនប្រយ័ត្ន ត្រង់ចំណុចផ្លូវកោងជ្រុលបុកផ្លោះឡើងខឿនចិញ្ចើមផ្លូវបណ្ដាលឲ្យរងការខូចខាតទាំងរថយន្ដ និងខឿនផ្លូវ តែមិនបណ្ដាលឲ្យម្ចាស់រថយន្ដ ឬអ្នកធ្វើដំណើររងរបួសនោះទេ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២២ និង១៥នាទី ថ្ងៃពុធ ៧រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចខាងលិចរង្វង់មូលវត្តភ្នំ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
រថយន្ដបង្កម៉ាក ឡិចសុីស RX300 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2O-1541 បើកបរដោយបុរសម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹងស្រា ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្ដបង្ក ធ្វើដំណើរក្រឡឹងរង្វង់មូលវត្តភ្នំ ពីកើតមកលិចក្នុងល្បឿនលឿន ពេលមកដល់ចំណុចកើតហេតុមិនបន្ថយល្បឿន ក៏ជ្រុលបុកឡើងខឿនចិញ្ចើមផ្លូវផ្លោះពីម្ខាងទៅម្ខាងទៀត បណ្ដាលឲ្យរថយន្ដបែកកង់រងការខូចខាត និងធ្វើឲ្យខូចខាតខឿនចិញ្ចើមផ្លូវផងដែរ ។
ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ និងបាននាំម្ចាស់រថយន្ដទៅសួរនាំនៅប៉ុស្ដិ៍រដ្ឋបាលនគរបាលវត្តភ្នំរងចាំប្រគល់ឲ្យជំនាញចរាចរណ៍ក្រុង រីឯរថយន្ដសមត្ថកិច្ចវាស់វែងស្ទួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ