ព័ត៌មានទាន់ហេតុការណ៍៖

គណបក្សប្រជាជនកម្ពុជាបើកយុទ្ធនាការឃោសនាថ្ងៃដំបូងនៅភ្នំពេញជាមួយសមាជិកចូលរួមជាង៦ម៉ឺននាក់

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងចំណោមគណបក្សចំនួន ៥ដែលបានដាក់ពាក្យសុំធ្វើការឃោសនា ស្វែងសំឡេងឆ្នោតក្នុងការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៦គណបក្សប្រជាជនកម្ពុជាមានសមាជិកចូលរួម៦ម៉ឺននាក់។ នេះបើតាមប្រធានគណៈកម្មា ធិការរាជធានីរៀបចំការបោះឆ្នោតបញ្ជាក់ ឲ្យដឹង ។

លោក លន់ ឆេងកៃ ប្រធានគណៈកម្មា ធិការរាជធានីរៀបចំការបោះឆ្នោតបានឲ្យ ដឹងថា សម្រាប់ការឃោសនាបោះឆ្នោតថ្ងៃដំបូងគឺថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះមានគណបក្សចំនួន៥ធ្វើសកម្មភាព។ ក្នុងនោះគណបក្សប្រជាជនកម្ពុជាបាន ដាក់ពាក្យមុនគេ ហើយនឹងឃោសនាស្វែងរកសំឡេងឆ្នោតទ្រង់ទ្រាយធំដោយមានសមាជិកចូលរួមប្រមាណ៦ម៉ឺននាក់ ។

លោកបានបន្តថា ថ្ងៃទី៧ ខែកក្កដាខាង មុនេះជាថ្ងៃដំបូងនៃយុទ្ធនាការ ហើយគណ បក្សប្រជាជនកម្ពុជាបានដាក់ពាក្យសុំធ្វើយុទ្ធនាការធំដោយជួបគ្នានៅកោះពេជ្រ ដោយមានសមាជិកចូលរួមប្រមាណ៦ម៉ឺននាក់ ដោយហែក្បួនចេញពីកោះពេជ្រទៅតាមបណ្តាខណ្ឌនានាក្នុងរាជធានីភ្នំពេញតែម្តង ។

សម្រាប់ការហែក្បួនឃោសនាថ្ងៃដំបូងរបស់គណបក្សនយោបាយនេះត្រូវបាន ប្រធានគណៈកម្មាធិការរាជធានីរៀបចំ ការបោះឆ្នោតបានអះអាងថា បក្សប្រជាជន កម្ពុជាមានសមាជិកចូលរួមច្រើនជាងគេ ក្នុងចំណោមគណបក្សនយោបាយដែលដាក់ពាក្យសុំ ។

ក្រៅពីគណបក្សប្រជាជនកម្ពុជាធ្វើ យុទ្ធនាការហែក្បួននៅរាជធានីភ្នំពេញលោក លន់ ឆេងកៃ ក៏បានឲ្យដឹងដែរថា មានគណបក្សហ្វុ៊នស៊ិនប៉ិចក៏នឹងហែក្បួននៅក្នុងរាជធានីភ្នំពេញដោយចេញដំណើរពីទីស្នាក់ការគណបក្សដែលមានទីតាំងស្ថិតនៅត្រើយខាងកើតទន្លេក្នុងខណ្ឌជ្រោយ ចង្វា ហើយមានសមាជិកចូលរួមប្រមាណ២ពាន់នាក់ ។

លោកបានបន្ថែមថា ក្បួនដង្ហែឃោសនារបស់គណបក្សហ្វុ៊នស៊ិនប៉ិចនឹងចេញពីស្នាក់ការបក្សឆ្ពោះទៅឈប់សម្រាកហូបបាយនៅផ្លូវ៦០ម៉ែត្រស្ថិតនៅក្នុងសង្កាត់ចាក់អង្រែលើ។ នៅថ្ងៃទី១នោះដែរគណ បក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យក៏ធ្វើយុទ្ធ​នាការឃោសនាបោះឆ្នោតក្នុងរាជធានី ភ្នំពេញដែរ។ គណបក្សនឹងមានសមាជិកចូលរួម១៥០០០នាក់ដោយចេញពីផ្លូវ៦០ម៉ែត្រទៅបញ្ចប់នៅមាត់ទន្លេត្រើយម្ខាង។ ក្រៅពីគណបក្សទាំង៣ខាងលើក៏មាន គណបក្សចំនួនពីរទៀតបានដាក់ពាក្យ ដើម្បីសុំធ្វើយុទ្ធនាការស្វែងករកសំឡេងឆ្នោតផងដែរ ។

លោក លន់ ឆេងកៃ បានបន្ថែមទៀតថា ក្រៅពីគណបក្សបីខាងលើនេះក៏មានគណបក្សពីរទៀតបានដាក់ពាក្យមកដែរ។ អ៊ីចឹង ការឃោសនាថ្ងៃដំបូងអាចមានគណបក្ស ចំនួន៥ឃោសនាដែលតាមខ្ញុំប្រមើលមើលការហែក្បូននៅភ្នំពេញប្រហែលជា១០ម៉ឺននាក់។ ព្រោះថា គណបក្សដែលដាក់ពាក្យ មកសុទ្ធតែមានសមាជិកច្រើនៗ។ នៅក្នុង ភ្នំពេញប្រហែលជាណែនណាន់តាន់តាប់ហើយ ប៉ុន្តែយើងមិនដឹងធ្វើម៉េចបើគាត់ ដាក់ពាក្យសុំមកហើយ ។

លោកបានបញ្ជាក់ថា គណបក្សដែល ត្រូវហែក្បួននៅថ្ងៃទី៧ ខែកក្កដាខាងមុខ នេះមានគណបក្សប្រជាជនកម្ពុជា គណ បក្សហ្វុ៊នស៊ិនប៉ិច គណបក្សសម្ព័ន្ធដើម្បី ប្រជាធិបតេយ្យ គណបក្សសញ្ជាតិកម្ពុជា និងគណបក្សមួយទៀតបានទូរស័ព្ទមកលោកថានឹងដាក់ពាក្យធ្វើយុទ្ធនាការ ឃោសនាបោះឆ្នោតនៅថ្ងៃដំបូងនោះដែរ។

ទាក់ទងនឹងការធ្វើយុទ្ធានការឃោសនាស្វែងរកសំឡេងឆ្នោតក្នុងរាជធានីភ្នំពេញ ត្រូវបានលោកប្រធានគណៈកម្មាធិការរាជធានីរៀបចំការបោះឆ្នោតនឹងខិតខំធ្វើ យ៉ាងណាឲ្យដំណើរឃោសនាបោះឆ្នោត របស់គណបក្សនយោបាយបានដំណើរ ការទៅយ៉ាងរលូន។ ក្នុងនោះលោកនឹង សហការជាមួយអាជ្ញាធររាជធានីដើម្បី រៀបចំសណ្តាប់ធ្នាប់ឲ្យបានល្អ ។

លោក លន់ ឆេងកៃ អះអាងថា លោក នឹងដាក់លិខិតទៅកាន់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញដើម្បីពិភាក្សាគ្នាក្នុងការរៀបចំកម្លាំងការពារសន្តិសុខជូន គណបក្សនយោបាយក្នុងការឃោសនាបោះឆ្នោតផងដែរ ៕ ហេង សូរិយា


ចែករំលែក៖