ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីអាមេរិក និងរុស្ស៊ីជួបគ្នានៅថ្ងៃទី១៦ ខែកក្កដា

ចែករំលែក៖

បើទោះបីមេដឹកនាំ ទាំងពីរបានព្រមព្រៀងជួបគ្នានៅថ្ងៃទី១៦ខែកក្កដាខាងមុខ តែអាមេរិក មិនបន្ធូរបន្ថយទៅលើរុស្ស៊ីនោះ ឡើយដោយបន្តដាក់ទណ្ឌកម្មដដែល ។ មិន តែប៉ុណ្ណោះ អាមេរិក មិនទទួលស្គាល់ទង្វើរបស់រុស្ស៊ីនៅតំបន់គ្រីមៀនោះឡើយ។

សេតវិមានបានឲ្យដឹងថា សហរដ្ឋអាមេរិកមិនទទួលស្គាល់ទង្វើរបស់រុស្ស៊ីទៅលើតំបន់គ្រីមៀនោះឡើយ ហើយ ទណ្ឌកម្មដែលទីក្រុងវ៉ាស៊ីនតោនបានដាក់ទៅលើទីក្រុងមូស្គូ នៅតែរក្សាទុកដូចដើម ដដែល។

ថ្លែងនៅចំពោះមុខក្រុមអ្នកសារព័ត៌មាន អ្នកនាំពាក្យសេតវិមាន លោកស្រី សារ៉ាហ៍ សេនដឺស៍ (Sarah Sanders) បានលើកឡើងថា «យើងមិនទទួលស្គាល់ទង្វើរបស់រុស្ស៊ី ដែលបានព្យាយាមរួមបញ្ចូលតំបន់គ្រីមៀ ទៅក្នុងប្រទេសរបស់ខ្លួននោះ ឡើយ ហើយទណ្ឌកម្មពាក់ព័ន្ធនឹងតំបន់ នេះ ដែលយើងបានដាក់ទៅលើប្រទេស រុស្ស៊ី នឹងនៅរក្សាទុកដូចដើមដដែល លុះត្រាណាតែរុស្ស៊ីយល់ព្រមប្រគល់ឧបទ្វីបនេះ ទៅកាន់អ៊ុយក្រែនវិញ»។

គួរជម្រាបថា រុស្ស៊ីត្រូវបានបណ្តេញ ចេញពីក្រុមប្រទេសសេដ្ឋកិច្ចកំពូល G7 (នៅពេលមានរុស្ស៊ី គឺ G8) កាលពីឆ្នាំ ២០១៤ ហើយចាប់តាំងពីពេលនោះមក បានទទួលរងទណ្ឌកម្មជាបន្ត បន្ទាប់ពី លោកខាងលិច ក្រោយពីបានរួមបញ្ចូល តំបន់ឧបទ្វីបគ្រីមៀ ជាកម្មសិទ្ធិរបស់ខ្លួន។

ជាមួយគ្នានេះដែរ កាលពីសប្តាហ៍មុន វិមានក្រឹមឡាំង និងសេតវិមានបាន ប្រកាសថា ប្រធានាធិបតីនៃប្រទេសទាំង ពីរ នឹងបើកកិច្ចប្រជុំកំពូលមួយនៅរដ្ឋធានី ហ៊ែលស៊ីនគី (Helsinki) នៃប្រទេសហ្វាំង ឡង់ នៅថ្ងៃទី១៦ ខែកក្កដា ដោយមេដឹកនាំទាំងពីរត្រូវគេរំពឹងថា នឹងពិភាក្សាអំពី ទំនាក់ទំនងទ្វេភាគី បញ្ហាសន្តិសុខជាតិ និងបញ្ហាអន្តរជាតិដ៏ក្តៅគគុកជាច្រើនទៀត។

ពាក់ព័ន្ធនឹងជំនួប រវាងលោកដូណាល់ ត្រាំ នឹងលោកវ៉្លាឌីមៀរ ពូទីន នឹងជួបគ្នា នៅថ្ងៃទី១៦កក្កដាខាងមុខ នៅក្នុងទីក្រុង ហែ៊លសីុនគី ប្រទេសហ្វាំងឡង់ នៅក្នុង ជំនួបកំពូលមួយទល់នឹងមួយជាលើកដំបូង ចាប់តាំងពីលោកដូណាល់ ត្រាំ បានជាប់ឆ្នោតឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក។ ជំនួបកំពូលនេះត្រូវបានរៀបចំធ្វើឡើង នៅក្នុងបរិបទនៃទំនាក់ទំនងដ៏តានតឹង រវាងអាមេរិក នឹងរុស្ស៊ី។ ក៏ប៉ុន្តែ ក្នុង ពេលជាមួយគ្នា ក៏មានដែរ ការចោទប្រកាន់ទៅលើរុស្ស៊ីថាបានលូកដៃជ្រៀតជ្រែក ចូលក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក ដើម្បីជួយឲ្យលោកដូណាល់ត្រាំបានឈ្នះ កាលពីឆ្នាំ២០១៦។

គេនៅចាំបានថា លោកដូណាល់ ត្រាំបានឡើងមកកាន់តំណែងជាប្រធានាធិបតីអាមេរិក ជាមួយនឹងការសន្យាថានឹងធ្វើយ៉ាងណាផ្សះផ្សាឡើងវិញ នូវទំនាក់ទំនង រវាងអាមេរិក នឹងរុស្ស៊ី។ ក៏ប៉ុន្តែ ជាងមួយ ឆ្នាំក្រោយមក ទំនាក់ទំនង អាមេរិក-រុស្ស៊ី នៅតែតានតឹង ហើយលោកដូណាល់ត្រាំ និងលោកពូទីនក៏មិនដែលបានជួបគ្នា ក្រៅតែពីជំនួបនៅក្នុងអំឡុងកិច្ចប្រជុំអន្តរជាតិ ដូចជា ជំនួបកំពូល APEC នៅវៀតណាម ជាដើម។

ក្រោយពីឆ្លងកាត់ការត្រៀមរៀបចំអស់រយៈពេលជាច្រើនខែ នៅទីបំផុតទៅ កាល បរិច្ឆេទ និងទីតាំង នៃជំនួបកំពូល រវាង លោកដូណាល់ ត្រាំ នឹងលោកពូទីន ត្រូវ បានប្រកាសឲ្យដឹងព្រមៗគ្នា ដោយវិមាន ក្រឹមឡាំង និងសេតវិមាន កាលពីថ្ងៃ ព្រហស្បតិ៍។ ជាការកត់សម្គាល់ ជំនួបកំពូលនឹងត្រូវធ្វើនៅក្នុងទីក្រុងហែ៊លសុីនគី ប្រទេសហ្វាំងឡង់ ដែលភាគីទាំងពីរចាត់ ទុកថាជាទីតាំងអព្យាក្រឹត។

នៅក្នុងជំនួបកំពូលនេះ ប្រមុខដឹកនាំទាំងពីរនឹងធ្វើការជជែកគ្នា អំពីស្ថានភាព បច្ចុប្បន្ន និងចក្ខុវិស័យ នៃទំនាក់ទំនងទ្វេ ភាគីអាមេរិក-រុស្ស៊ី ព្រមទាំងជជែកអំពី សំណុំរឿងអន្តរជាតិធំៗមួយចំនួនផ្សេងទៀត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់វិមានក្រឹមឡាំង ដោយបាន បញ្ជាក់លម្អិតអំពីកម្មវិធីនៃជំនួបកំពូលថានឹងមានការជជែកមួយទល់នឹងមួយ រវាង លោកដូណាល់ ត្រាំ នឹងលោកពូទីន, មានការទទួលទានអាហារដើម្បីជជែកពីការងារជាមួយគ្នា ព្រមទាំងការចេញសេចក្តីថ្លែងការណ៍រួម និងការធ្វើសន្និសីទសារព័ត៌មានរួមគ្នា នៅក្រោយជំនួបកំពូល។

គួរបញ្ជាក់ថា បញ្ហាដែលនាំឲ្យអាមេរិក និងរុស្ស៊ីមានទំនាក់ទំនងតានតឹងនឹងគ្នានៅក្នុងពេលបច្ចុប្បន្ននេះ គឺមានច្រើន រួមមានដូចជា សង្រ្គាមនៅស៊ីរី ដែលរុស្ស៊ីជាអ្នកគាំទ្ររដ្ឋាភិបាលលោកអាសាដ, ការកាត់យកតំបន់គ្រីមៀពីអ៊ុយក្រែនដោយ រុស្ស៊ី ព្រមទាំងការគាំទ្រក្រុមឧទ្ទាមផ្តាច់ទឹកដីនៅខាងកើតអ៊ុយក្រែន, ការប្រើសារធាតុគីមីបំពុលអតីតភ្នាក់ងារចារកិច្ចរុស្ស៊ីនៅ ក្នុងទឹកដីអង់គ្លេស ដែលគេទម្លាក់ការ ទទួលខុសត្រូវលើរុស្ស៊ី ដែលនាំឲ្យមានការបណ្តេញមន្រ្តីទូតគ្នាទៅវិញទៅមក ព្រម ទាំងការចោទប្រកាន់ពីសំណាក់អាមេរិកថា រុស្ស៊ីបានលូកដៃ ជ្រៀតជ្រែកចូលក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីឆ្នាំ ២០១៦កន្លងទៅ។

ទោះជាយ៉ាងណា លោកដូណាល់ត្រាំបានបង្ហាញនូវសុទិដ្ឋិនិយម ដោយបាន លើកឡើងថា ជំនួបកំពូល រវាងលោក នឹងលោកពូទីនអាចនឹងសម្រេចបានលទ្ធផលជាវិជ្ជមាន។

គេសង្កេតឃើញថា ចាប់តាំងពីលោក ដូណាល់ ត្រាំឡើងកាន់តំណែងមក លោកប្រធានាធិបតីអាមេរិកហាក់បានបង្ហាញនូវជំហរទន់ភ្លន់ច្រើនដាក់លោកពូទីន ក្នុង ពេលដែលទំនាក់ទំនង រវាងលោកដូណាល់ ត្រាំ នឹងប្រទេសសម្ពន្ធមិត្ត ជាពិសេសសម្ពន្ធមិត្តក្នុងអង្គការអូតង់ ចេះតែមានភាពប្រេះឆាខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ៕ ម៉ែវ សាធី

 


ចែករំលែក៖