ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ កម្មករ កម្មការិនី បុគ្គលិក ក្រុមហ៊ុនស៊ីនទ្រី ប្រមូលសំរាមនៅ រាជធានីភ្នំពេញជិត២០០០នាក់ បានចូលរួម ចំណែក ប្រមូលសំរាមសម្អាត់ទីក្រុងភ្នំពេញ ឲ្យមានសោភ័ណ្ឌភាពស្អាត ល្អ សាកសមជាទីក្រុងទេសចរណ៏ ដ៏សប្បូបែប ជាតំបន់ទេសចរណ៏គោលដៅទី១ របស់ភ្ញៀវជាតិ និងអន្ដរជាតិ ។
លោក ឃួង ស្រេង បានកោត សរសើរបែបនេះ ខណៈ លោកចូលរួមជួបសំណេះសំណាល ផ្ដល់ការលើកទឹកចិត្ដ ជាមួយកម្មករ-កម្មការីនី បុគ្គលិក ក្រុមហ៊ុនស៊ិនទ្រីចំនួន ១៧១១នាក់ នៅរសៀលថ្ងៃ ព្រហស្បតិ៏ ៨រោច ខែបឋមាសាឍ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី៥កក្តដា ឆ្នាំ២០១៨ នៅវិមានពិភពថ្មីខណ្ឌសែនសុខ ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា៖ ទីក្រុងភ្នំពេញមានភាពស្រស់ស្អាត និងមិនមានកាក សំណល់ផ្ទះបាយ និងសំរាម ចោលពាស់វាលពាស់កាល គឺបានដោយសារ បុគ្គលិក កម្មករ កម្មការិនី នៃក្រុមហ៊ុនប្រមូលសំរាមស៊ិនទ្រី ដោយពួកគាត់ធ្វើការប្រមូលសំរាម ទាំង យប់ទាំងថ្ងៃ នៅតាមដងផ្លូវនានា ក្នុងរាជធានីភ្នំពេញទាំងមូល ។ ដូច្នេះរាជធា នីភ្នំពេញ កំពុងត្រូវការ កម្មករ កម្មការិនី បុគ្គលិក ក្រុមហ៊ុន ស៊ីនទ្រី ជាចាំបាច់ ដើម្បីធ្វើការបោសសំអាត សំរាមនៅតាមដងផ្លូវ និងនៅតាមទីប្រជុំជន ព្រោះបញ្ហាសំរាម វានិងធ្វើឲ្យប៉ៈពាល់ដល់សុខភាពធ្ងន់ធ្ងរ ប្រសិនបើយើងមិនបានយកចិត្ដទុកដាក់វាឲ្យបានត្រឹមត្រូវនោះ ។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ នៅរាជធានីភ្នំពេញបច្ចុប្បន្ន គឺមានមនុស្សស្នាក់ និងអ្នកចំណាកស្រុក ប្រមាណជិត៣លាននាក់ ដោយសារ រាជធានីភ្នំពេញ ជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏ធំមួយនៃប្រទេសកម្ពុជា ។ កាលណាមានមនុស្សច្រើន សំរាមក៏កាន់មានការកើនឡើងផងដែរ ជាមួយគ្នា ប្រជាពលរដ្ឋបច្ចុប្បន្ន មិនទាន់បានវិចខ្ចប់ទុកដាក់សំរាមអោយបានត្រឹមត្រូវ ទៅតាមការណែនាំរបស់ សាលារាជធានីភ្នំពេញនោះទេ ។ ដែលប្រជាពលភាគច្រើន គឺតែងតែដាក់សំរាមជាមួយនិងកាកសំណល់ផ្ទះបាយទៅវិញ ។
ក្នុងឱកាសនេះ ដែរ លោក ឃួង ស្រេង ក៏បានជំរុញឲ្យកម្មករ-កម្មការិនី ដែលបានចុះឈ្មោះបោះឆ្នោត រួចហើយនោះ សូមត្រៀមឯកសារឲ្យគ្រប់គ្រាន់ និងនាំគ្នាទៅបោះ ឆ្នោត នាថ្ងៃទី២៩ កក្កដា ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា ខណៈអ្នកត្រូវទៅបោះឆ្នោត នៅតាមបណ្តាលខេត្តឆ្ងាយៗ អាចឈប់សម្រាកបានរយៈពេល៣ថ្ងៃ ។
លោកតំណាងក្រុមហ៊ុនស៊ីនទ្រី បានអោយដឹងថា៖ បច្ចុប្បន្ន ក្រុមហ៊ុនមានបុគ្គលិក កម្មករ សរុបចំនួន ១៧១១ នាក់ និងមានរថយន្តប្រមូលសំរាម ជាង៤០០គ្រឿង សម្រាប់ប្រតិបត្តិការដឹកជញ្ជូនសំរាមដឹកចេញក្រៅក្រុងឲ្យទាន់ពេលវេលា ដែលពួកគាត់ធ្វើការប្រមូលសំរាម និងបោសសម្អាតតាមដងផ្លូវសំខាន់ ទាំងយប់ទាំងថ្ងៃផងដែរ ។
ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បាននាំយកនូវអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិក្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅចែកជូនដល់បុគ្គលិក កម្មករ កម្មការីនី ប្រមូលសំរាមរបស់ក្រុមហ៊ុន ស៊ីន ទ្រី ចំនួន១៧១១នាក់ ដែលក្នុងម្នាក់ៗ ទទួលបាន មី១កេះ សារុង១ និងថវិកា ចំនួន២ម៉ឺនរៀលផងដែរ៕ សំរិត