ព័ត៌មានទាន់ហេតុការណ៍៖

ចោរឆក់បានសម្រេចបើកម៉ូតូរត់មិនរួចត្រូវប្រជាពលរដ្ឋបើកម៉ូតូបុកដួលចាប់បានម្នាក់វាយទ្រមខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ចោរឆក់ម្នាក់ ត្រូវបានប្រជាពលរដ្ឋចាប់វាយទ្រមខ្លួនរួចប្រគល់ឲ្យទៅសមត្ថកិច្ច ខណៈបក្ខពួកម្នាក់ទៀតរត់គេចខ្លួនទាន់ បន្ទាប់ពីពួកគេទាំង២នាក់បានធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់បានសម្រេចហើយត្រូវបានអ្នកធ្វើដំណើរតាមផ្លូវឃើញហេតុការណ៍ក៏ជិះបំបុកបណ្តាលឲ្យដួល ។

ហេតុការណ៍នេះបង្កឲ្យមានការណ៍ភ្ញាក់ផ្អើលឡើងកាលពីម៉ោងជិត៩យប់ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវឧកញ្ញាម៉ុងរឹទ្ធី ខាងលិចស្តុបរង្វង់មូលកាំកូស៊ីតធី ប្រមាណ៥០០ម៉ែត្រ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ដែលឃាត់ខ្លួនបានមានឈ្មោះ សុខ សាន់ អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាដក ស្នាក់នៅម្តុំវត្តជុំ ស្ថិតក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ចំណែកបក្ខពួក ដែលរត់គេចខ្លួនមិនត្រូវបានស្គាល់ឈ្មោះ ។

ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញស្ត្រីម្នាក់បានជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកជាមួយបុរសម្នាក់ដោយធ្វើដំណើរតាមបណ្តោយផ្លូវឧកញ៉ាម៉ុងរឹទ្ធី ក្នុងទិសដៅពីលិចទៅកើត ។ ខណៈមកដល់ចំណុចកើតហេតុស្រាប់តែលេចមុខជនសង្ស័យពីរនាក់ជិះមួយគ្រឿងម៉ាក ស៊ុយស៊ូគីនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CR-8523 មកពីក្រោយ ធ្វើសកម្មភាពឆក់កាបូបស្ពាយពីស្ត្រីរងគ្រោះ ដែលស្ពាយនៅ និងស្មារបានសម្រេច ហើយព្យាយាមជិះរត់គេចខ្លួន ។ ភ្លាមៗនេះក៏មានប្រជាពលរដ្ឋម្នាក់ជិះម៉ូតូមួយគ្រឿងទៀតមិនចាំម៉ាក ជាប្រភេទម៉ូតូធំ បានឃើញហេតុការណ៍ហើយបានជិះទៅបំបុកម៉ូតូរបស់ជនសង្ស័យបណ្តាលឲ្យដួលហើយក៏ត្រូវបានប្រជាពលរដ្ឋ ដែលនៅក្បែរនោះដេញចាប់ខ្លួនជនសង្ស័យ ដែលជាអ្នកបើកម៉ូតូបានម្នាក់វាយទ្រមខ្លួនរួចប្រគល់ឲ្យទៅសមត្ថកិច្ច ។ ចំណែកឯបក្ខពួកម្នាក់ទៀតបានងើបរត់គេចខ្លួនបាត់សម្រោល ។ រីឯជនរងគ្រោះបានយកកាបូបរបស់ខ្លួនពីជនសង្ស័យ ហើយក៏ឡើងជិះម៉ូតូបន្តដំណើរទៅមុខទៀតបាត់ ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចមូលដ្ឋាននាំយកទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការទៅតាមនិតិវិធី ៕ ជ្រោយពេជ្រ


ចែករំលែក៖