ភ្នំពេញ៖ បុរសម្នាក់ដែលគេស្គាល់ថា ជាគ្រូពេទ្យបានបើករថយន្តទៅបុកម៉ូតូជនជាតិចិន ហើយព្យាយាម បើករត់ទៅបុកម៉ូតូ១គ្រឿងទៀត បណ្ដាលឲ្យបុរសម្នាក់រងរបួស រួចព្យាយាមបន្ថែមល្បឿន បើករត់គេចខ្លួន ចូលក្នុងភោជនីយដ្ឋានបឹងមាស ខណ្ឌជ្រោយចង្វា រួចទុករថយន្តចោលនៅក្នុងភោជនីយដ្ឋាននោះ រួចបានហៅរថយន្តសង្គ្រោះ របស់មន្ទីរពេទ្យលោកសង្ឃ ឲ្យមកយកដើម្បីគេចខ្លួន តែត្រូវបានសមត្ថកិច្ចឃាត់មិនឲ្យទៅ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីយប់ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨នេះ ត្រង់ចំណុចមុខផ្ទះសំណាក់មហាលាភ ខណ្ឌទួលគោក រួចបើករត់ទៅបុកម៉ូតូមួយគ្រឿងទៀតនៅតាមផ្លូវជាតិលេខ៦ ខាងមុខសណ្ឋាគារវ៉ាស៊ីនតោន ហើយត្រូវឃាត់បាននៅក្នុងភោជនីយដ្ឋាន បឹងមាស សង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វា ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញ បុរសម្នាក់ ដែលគេស្គាល់ថាជា Doctor នៅមន្ទីរពេទ្យលោកសង្ឃ បានបើករថយន្ត មួយគ្រឿងម៉ាកតូយ៉ូតា Highlander ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AR-6163 ទៅបុកម៉ូតូមួយគ្រឿងបណ្ដាលឲ្យមានអ្នករងរបួសម្នាក់ នៅចំណុចមុខផ្ទះសំណាក់មហាលាភ ស្ថិននៅក្នុងខណ្ឌទួលគោក ហើយអ្នកបើករថយន្តមិនឈប់ទទួលខុសត្រូវទេ បានព្យាយាមបើករត់ទៅបុកម៉ូតូ Smash Revo ពាក់ស្លាកលេខភ្នំពេញ 1Y-9478 មួយគ្រឿងទៀត ដែលកំពុងធ្វើដំណើរតាមផ្លូវ៦ មុខសណ្ឋាគារ វ៉ាស៊ីនតោន បណ្ដាលឲ្យរងរបួសម្នាក់ទៀត ហើយអ្នករថយន្តនៅតែមិនឈប់ទៀត បានបន្ថែមល្បឿនបើករត់គេចខ្លួន តែត្រូវសមត្ថកិច្ច និងប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានជួយដេញតាមពីក្រោយរថយន្តបង្ករហូត ហើយរថយន្តបានបើកចូលទៅក្នុងភោជនីយដ្ឋាន បឹងមាស ស្ថិតនៅតាមផ្លូវជាតិលេខ៦ សង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វា ។
បុរសជាម្ចាស់រថយន្តដែលគេស្គាល់ថាជា គ្រូពេទ្យ នោះ មិនព្រមចេញមកដោះស្រាយទេ បានទុករថយន្តដែលបើកបង្កហេតុនោះនៅក្នុងភោជនីយដ្ឋាន បឹងមាស រួចបានទំនាក់ទំនងហៅរថយន្តសាមុយ របស់មន្ទីរពេទ្យលោកសង្ឃ ឲ្យមកយក ដើម្បីជិះគេចខ្លួន តែត្រូវបានសមត្ថកិច្ច ប្រជាពលរដ្ឋ ព្រមទាំងជនរងគ្រោះ ឃាត់មិនឲ្យរថយន្តសាមុយចូលទេ តែលោកគ្រូពេទ្យនោះនៅតែព្យាយាមបង្ខំឲ្យរថយន្តសាមុយបើកចូលទៅយកខ្លួនទៀត ទើបបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានរាយការណ៍ប្រាប់នគរបាលចរាចរក្រុង ចុះមកកន្លែងកើតហេតុ ដើម្បីសួរនាំនឹងឃាត់ខ្លួន ។
បន្ទាប់ពីកើតហេតុបុរសដែលជាម្ចាស់រថយន្ត ដែលគេស្គាល់ថាជាគ្រូពេទ្យនោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ចំណែករថយន្តបង្កក៏ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាជាក្រោយតាមនីតិវិធី ៕ ជ្រោយពេជ្រ