ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ទាក់ខ្សែអុីនធើណិតធ្លាក់ពីលើរថយន្តរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់ក្នុងចំណោមពីរនាក់ ខណៈជិះលើរថយន្តស្ទូចដឹកគ្រឿងចក្រ ទឹកកកត្រូវខ្សែអុីនធើណិតកាត់ទទឹងផ្លូវទាក់កធ្លាក់ចុះក្រោមរងរបួសធ្ងន់ ។

ហេតុការភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៤០នាទីព្រឹក ថ្ងៃសុក្រ ៩រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ សង្កាត់ច្រាំចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះណេត ភេទប្រុស អាយុជាង២០ឆ្នាំ មិនត្រូវបានស្គាល់អាស័យដ្ឋាន និងមុខរបរនោះទេ ។

ចំណែករថយន្តស្ទូច ស្លាកលេខ ភ្នំពេញ 3D 3612 (ដឹកគ្រឿងចក្រទឹកកក) ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុហេតុឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តខាងលើបានដឹកគ្រឿងចក្រទឹកកកដោយមានយុវជនពីរនាក់ ជិះមុខក្រោយគ្នាពីលើគ្រឿងចក្រចេញពីគីឡូម៉ែត្រលេខ៦ ឆ្ពោះទៅកាន់ទឹកដីខណ្ឌសែនសុខដោយធ្វើដំណើរតាមផ្លូវជាតិលេខ៥ទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ មានខ្សែភ្លើងនិងខ្សែអុីនធើណិតកាត់ទទឹងផ្លូវធ្វើឲ្យខ្សែអុីនធើណិតទាក់កយុវជនរងគ្រោះម្នាក់ធ្លាក់ដាំក្បាលចុះមកក្រោមរងរបួសធ្ងន់ ។

ភ្លាមៗនោះ គេបានទាក់ទងរថយន្តសង្គ្រោះ ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យឯអ្នកបើករថយន្តត្រូបានសមត្ថកិច្ចហៅទៅសួរនាំនៅប៉ុស្តិ៍ ៕ អរុណរះ


ចែករំលែក៖