ខេត្តព្រៃវែង ៖ យុវជនម្នាក់ត្រូវគូបក្ខដិបក្សចាក់មួយកាំបិត ធ្លាយពោះវៀនចេញមកក្រៅមួយទ្រេល ហើយត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ កាលពីវេលាម៉ោង៦ និង៣០នាទីល្ងាច ថ្ងៃ ព្រហស្បតិ៍ ៨ រោច ខែ បឋមាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៥ កក្កដា នៅលើកំណាត់ផ្លូវលេខ៣១២ ខាងជើងផ្សារទ្រាចម្ងាយ១០០ម៉ែត្រ ក្នុងភូមិព្រៃមាស ឃុំអង្គររាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង ។
នគរបាលចរាចរណ៍ស្រុកព្រះស្តេចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ទឹម ភីរ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅក្នុងភូមិបឹងកំពត ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ត្រូវជនបង្កចាក់ត្រូវមួយកាំបិតចំពោះធ្លាយពោះវៀនចេញមកក្រៅមួយទ្រេល។ ចំណែកជនបង្កឈ្មោះ ឈួន សុភី ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅក្នុងភូមិក្រសាំងទង ឃុំអង្គររាជ្យ ស្រុកព្រះស្តេច បានរត់គេចខ្លួនបាត់ក្រោយពីកើតហេតុ។
តាមការបញ្ជាក់ពីក្រុមគ្រួសារជនរងគ្រោះបានបញ្ជាក់ថា យុវជនរងគ្រោះនិងជនបង្កកន្លងមក ធ្លាប់មានជម្លោះ និងធ្លាប់វ៉ៃគ្នាយ៉ាងស៊ីសាចហុតឈាម ទើបបង្កើតទៅជាការចងគំនុំគុំគួនគ្នារហូត ។លុះមកដល់ថ្ងៃកើតហេតុ ពេលជួបប្រទះគ្នាដោយចៃដន្យ នៅកណ្តាលផ្លូវធ្វើឲ្យមានការប្រទូស្តរ៉ាយគ្នាកើតឡើងម្តងទៀត ប៉ុន្តែដោយខាងជនបង្កមានកូនកាំបិតចុងស្រួចនៅក្នុងដៃ ក៏បានចាក់ទៅលើយុវជនរងគ្រោះដែលគ្មានអាវុធក្នុងដៃ បណ្តាលឱ្យរងរបួសធ្លាយពោះវៀនចេញមកក្រៅភ្លាមៗតែម្តង។
បន្ទាប់ពីកើតហេតុរួចជនបង្កបានរត់គេចខ្លួនបាត់ ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹក ទៅកាន់មន្ទីរពេទ្យភ្លាមៗ ព្រមទាំងបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល អង្គរ រាជ្យផងដែរ ៕ ប្រាថ្នា