អ្នកដឹកជញ្ជូនផលអនុផលព្រៃឈើតាមរយៈគោយន្តកន្រ្តៃ និងរថយន្តតូចៗរាយការណ៍ថា លោក ហ៊ុល ម៉ារា និងលោក ឈុន ឈាហេង កំពុងដើរតួនាទីជាសមត្ថកិច្ច(បរិស្ថាន)ប្រដេញគោយន្តកន្រ្តៃ និងរថយន្តដឹកជញ្ជូនផលអនុផលព្រៃឈើ នៅលើកំណាត់ផ្លូវជាំកន្ទួតកៀបយកលុយដោយមិនខ្មាស់អៀន និងមិនខ្លាចច្បាប់ទំលាប់ទាល់សោះឲ្យតែមិនទូរស័ព្ទប្រាប់គាត់មុន ។ ជាក់ស្ដែងកាលពីយប់ថ្ងៃទី៥ កក្កដា ឆ្នាំ២០១៨ មានគោយន្តកន្រ្តៃជាច្រើនគ្រឿងដឹកឈើអារប្រហែល២ម៉ែត្រគូប និងរថយន្តដឹកឈើ១គ្រឿងនៅចំណុចផ្លូវអក្សរតេ ត្រូវបានលោកហ៊ុល ម៉ារា និងលោកឈុន ឈាហេង ប្រដេញយកលុយពីក្រុមគោយន្ត៣០,០០០រៀល ដោយឡែករថយន្តដឹកឈើមួយគ្រឿង ដែលចេញពីជាំ មកដល់ចំណុចអក្សរតេ ស្រុកឱរ៉ាល់ត្រូវបានលោកទាំង២ឃាត់ជាប់ ដោយតម្រូវឲ្យបង់លុយឲ្យចំនួន៥០០ដុល្លារ បើមិនបង់ទេ នឹងត្រូវចាប់អូសឡានយកទៅទុកនៅស្នាក់ការបរិស្ថានជាក់ជាមិនខានឡើយ ។
ប្រភពរាយការណ៍ខាងលើបន្តថា លោក ហ៊ុល ម៉ារា ត្រូវបានគេស្គាល់ច្បាស់ជាអនុប្រធានការិយាល័យដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ ចំណែកលោក ឈុន ឈាហេង ប្រធានកម្រង ។ លោកទាំង២នាក់ត្រូវអ្នកដឹកជញ្ជូនឈើស្គាល់គាត់ច្បាស់ ដោយហៅគាត់ (មេៗ) ដូច្នេះនៅដែនជំរកសត្វព្រៃភ្នំឱរ៉ាល់នេះ គាត់ធំជាងលោក សុខុន ដែលជានាយកដែនទៅទៀត ។
បើចំពោះលោក ឈុន ឈាហេង វិញ ពីមុនជាអតីតនាយកដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ ក្រោយមកមានរឿងអាស្រូវពុករលួយ ក៏ត្រូវដកទៅនៅក្រសួង ស្រាប់តែឥឡូវគាត់បានបង្ហាញយ៉ាងច្បាស់ក្រឡែត គាត់ជា(ប្រធានកម្រង)កាន់តែធំទៀត ចឹងតើបានគាត់សកម្មខាងប្រដេញគោយន្តកន្រ្តៃ និងរថយន្តដឹកជញ្ជូនឈើយកលុយទាំងយប់ថ្ងៃ ជាមួយលោក ហ៊ុល ម៉ារា ដោយគ្មានការខ្មាស់អៀន និងខ្លាចរអាច្បាប់ទំលាប់សូម្បីតែបន្តិច ។
ប្រភពរាយការណ៍បន្តទៀតថា លោក ឈុន ឈាហេង និងលោក ហ៊ុល ម៉ារា គេសង្កេតឃើញគាត់សកម្មភាពខ្លាំងនៅលើកំណាត់ផ្លូវជាតិលេខ៤៤ ភូមិជាំ ផ្លូវបំបែកអក្សរតេ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
ប្រភពរាយការណ៍ដដែលខាងលើបន្តទៀតថា លោក ហ៊ុល ម៉ារា និងលោក ឈុន ឈាហេង ប្រដេញយកលុយពីគោយន្តកន្រ្តៃ និងរថយន្តដឹកជញ្ជូនឈើបញ្ជាក់៖ គាត់សកម្មខាងប្រដេញគោយន្តកន្រ្តៃ និងរថយន្តដឹកជញ្ជូនឈើនេះ មិនមែនដេញដើម្បីបង្រ្កាបនោះទេ គឺប្រដេញយកលុយមិនឲ្យរួចខ្លួនជាដាច់ខាតសូម្បីតែចំនួន ៥,០០០រៀល ឲ្យតែដឹកជញ្ជូនផលអនុផលព្រៃឈើមិនថាឈើបង្គោលរបងឬឈើអារនោះឡើយ និយាយរួមឲ្យតែមិនទូរស័ព្ទប្រាប់គាត់មុន ។ ថែមទាំងបង្ហើបពាក្យថា ចាប់ពីពេលនេះទៅ គាត់ត្រូវយកលុយច្រើនជាងមុនបន្តិច ព្រោះមេរបស់គាត់ឡើងថ្លៃដែរ គ្មាននរណាម្នាក់រកសុីខាតនោះទេ ។
ជាងនេះទៅទៀត នៅពេលស្ទាក់ឃាត់គោយន្ត និងរថយន្តដឹកឈើ គឺគាត់តែងតែយកឈ្មោះថ្នាក់ដឹកនាំមកបន្លាចជានិច្ច ដោយនិយាយថាមេៗឲ្យពួកគាត់រកលុយដើម្បីចិញ្ចឹមមេ ។
លើសពីនេះទៅទៀត បើចាប់សូមចាប់ឲ្យគ្រប់គ្នាកុំចាប់តែអ្នកអត់មានខ្សែ និងខ្នងបង្អែក ចំណែកបក្ខពួកខ្លួនអត់ចាប់ វាមិនត្រឹមត្រូវឡើយ ឬមួយលោកទាំង២បានទទួលលាភសក្ការៈប្រចាំខែពីក្រុមឈ្មួញមានលុយទាំងនោះ ទើបមិនចាប់បង្ក្រាប?
បើតាមប្រភពមួយទៀតបានបង្ហើបថា លោកទាំង២បានទទួលសំណូកប្រចាំខែពីឈ្មួញម្នាក់នៅដំបងវិញ រាប់ពាន់ដុល្លារក្នុង១ខែៗ ។
មានការលើកឡើងថា ទង្វើដ៏គឃ្លើននេះ គួរណាស់តែថ្នាក់ដឹកនាំខាងមន្ទីរ ក៏ដូចក្រសួងបរិស្ថានពិនិត្យចាត់មន្ត្រីឲ្យចុះអង្កេតមើលសកម្មភាពរបស់លោកទាំង២ខាងលើផងបើបណ្តែតបណ្តោយតទៅទៀតនាំឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំខេត្តនុងក្រសួងបរិស្ថានជាក់ជាមិនខានឡើយ ៕