ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូបុករថយន្តកាស៊ីណូក្រោណឈប់បណ្ដាលឲ្យរងរបួសធ្ងន់

ចែករំលែក៖

ប៉ោយប៉ែត៖ បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនបុករថយន្តកំពុងឈប់ចតរងរបួសធ្ងន់កាលពីវេលាម៉ោង៩និង៥២នាទីព្រឹកថ្ងៃសៅរ៍ ១០​រោជ ខែ​បឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស. ​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១៨ នៅលើផ្លូវលំក្រាលបេតុង ត្រង់ចំណុចខាងត្បូងភោជនីយ៏ដ្ឋានហូឡែន ប្រហែល១៥០ម៉ែត្រ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយបែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចប្រាប់ថា ជនរងគ្រោះមានឈ្មោះ ហ៊ុយ សាវី ភេទប្រុស អាយុ២២ឆ្នាំ មានស្រុកកំណើតនៅភូមិអូរខ្ជាយ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង (បច្ចុប្បន្ននៅក្រុងប៉ោយប៉ែត) រងរបួសធ្ងន់ ។

សមត្ថកិច្ចបញ្ជាក់ថា មុនកើតហេតុជនរងគ្រោះជិះម៉ូតូម៉ាកឌ្រីម សង់ ពណ៌ក្រហម សេរីឆ្នាំ២០១៨ ពាក់ស្លាកលេខ បាត់ដំបង 1M.5984 ក្នុងទិសដៅពីត្បូងទៅជើង ស្រប់ទិសជាមួយរថយន្តបង្កររបស់កាស៊ីណូក្រោណដឹកភ្ញៀវម៉ាកតូយូតា ពណ៌ស ១៥កៅអី ពាក់ស្លាក់លេខ ភ្នំពេញ 3E.3118 លុះដល់ចំណុចកើតហេតុ រថយន្តបានបង្អង់ជាន់ហ្វ្រាំងឡើងទួលក៏ម៉ូតូជិះក្នុងល្បឿនលឿនបុកពីក្រោយបណ្ដាលរងរបួសធ្ងន់តែម្ដង ។ ចំណែកអ្នកបើកបររថយន្តរត់គេចខ្លួនបាត់ ។

ក្រោយពីសមត្ថកិច្ចវាស់វែង ម៉ូតូ និងរថយន្តយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីរក្សាទុកដោះស្រាយតាមផ្លូវច្បាប់ ចំពោះអ្នករងរបួស សមត្ថកិច្ចអន្តរាគមន៍ហៅរថយន្តដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកដីថ្មី ៕ វណ្ណា


ចែករំលែក៖