ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ជាការឯកភាពខណ្ឌដង្កោ ដាក់គោលឆែកឆេរត្រួតពិនិត្យអាវុធជាតិផ្ទុះ​ ឃាត់ខ្លួនយុវជន២នាក់​ក្រោយទម្លាក់ថ្នាំញៀនចោលតាមផ្លូវ

ចែករំលែក៖

ភ្នំពេញ៖ យុវជន២នាក់ជិះម៉ូតូ២គ្រឿង ព្យាយាមជិះម៉ូតូរត់គេចខ្លួនពីគោលឆែកឆេរត្រួតពិនិត្យអាវុធជាតិផ្ទុះ ដែលកម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ ធ្វើជាប្រចាំថ្ងៃដើម្បីទប់ស្កាត់ទបល្មើសលួច ឆក់​ ប្លន់ ដែលអាចកើតមានឡើងជាយាថាហេតុ ខណៈដែលពួកគេបានទម្លាក់ថ្នាំញៀនតាមដងផ្លូវ ក៏ត្រូវសមត្ថកិច្ចដេញតាមឃាត់ខ្លួននិងឆែកឆេររកឃើញគ្រឿងញៀនជាក់ស្តែង ដែលពួកគេលាក់ទុកនៅក្នុងកាបូបដៃក្នុងហោប៉ៅខោ។

ករណីឃាត់ខ្លួនយុវជនទាំង២នាក់នេះ បានធ្វើឡើងនៅវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃសុក្រ ៩រោច ខែបឋមាសាឍ ឆ្នាំច សំរឹទិ្ធស័ក ព.ស.២​៥៦២ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវ២១៧ មុខវត្តសំបួរមាស ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ។

តាមប្រភព័ត៍មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់នោះមិនត្រូវបានស្គាល់ឈ្មោះនោះទេ ។​ ហើយមុនពេលកើតហេតុ គេឃើញយុវជនម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្ស៊ីគីនិក ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1BC-8059 ដោយធ្វើដំណើរតាមផ្លូវលេខ២៧១ ក្នុងទិសដៅពីជើងមកត្បូងឆ្លងកាត់គោលឆែកឆេរត្រួតពិនិត្យអាវុធជាតិផ្ទុះ ហើយត្រូវបានសមត្ថកិច្ចហៅត្រួតពិនិត្យ ស្រាប់តែជនសង្ស័យក៏បានទម្លាក់ថ្នាំញៀនចោលតាមផ្លូវ ភ្លាមៗនោះសមត្ថកិច្ចក៏បានចាប់ឆែកឆេររកឃើញមានលាក់ទុកថ្នាំញៀន១ថង់តូចថែមទៀតនៅក្នុងកាបូបដៃក្នុងហោប៉ៅខោ ។ ភ្លាមនោះស្រាប់តែមានយុវជនម្នាក់ទៀតជិះម៉ូតូZOOMER-X ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1GT-2211 បានធ្វើឆ្លងកាត់គោលដៅដូចគ្នា បានរកឃើញថ្នាំញៀន២ថង់តូចផងដែរ ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕ស តារា


ចែករំលែក៖