ព័ត៌មានទាន់ហេតុការណ៍៖

តុលាការសម្រេចឃុំខ្លួនបុរសម្នាក់ ក្រោយបើករថយន្តធុនធំសណ្តោងរ៉ឺម៉ក បុកមនុស្សស្លាប់នៅខណ្ឌព្រែកព្នៅ

ចែករំលែក៖

ភ្នំពេញ៖ កាលពីរសៀលថ្ងៃ​សុក្រ ៩​រោជ ខែ​បឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០១៨ យោងតាមរាបាយការណ៍របស់នគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ បានឲ្យដឹងថា សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបើកសវនាការជម្រះផ្ទាល់ភ្លាមៗនិងឃុំខ្លួនជាបណ្តោះអាសន្ន លើករណីគ្រោះថ្នាក់ចរាចរបង្កឡើងដោយបុរសម្នាក់បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជាមិនប្រុងប្រយ័ត្ន បណ្តាលឲ្យស្លាប់អ្នកដទៃ ប្រព្រឹត្តកាលពីយប់ថ្ងៃទី៣ ខែកក្ដដា ឆ្នាំ២០១៨ ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ បន្ទាប់ពីមានអ្នករត់ការដោះលែងអ្នកបើកបរយ៉ាងស្វិតស្វាញ ។

ប្រភពដដែលបានបន្តទៀតថា លោក រស់ ពិសិដ្ឋ ចៅក្រមជំនុំជម្រះ និងលោក សៀង សុខ ជាតំណាងអយ្យការ នៅរសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨ នេះ បានបើកសវនាការកាត់ទោស ជនជាប់ចោទឈ្មោះ អៀ សាវុធ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកបើករថយន្ត ស្នាក់នៅភូមិព្រៃដុះ ឃុំស្វាយអំពៀ ស្រុកបរសែត ខេត្តកំស្ពឺ ក្រោមបទចោទ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជាមិនប្រុងប្រយ័ត្ន បណ្តាលឲ្យស្លាប់អ្នកដទៃ ប្រព្រឹត្តកាលពីយប់ថ្ងៃទី៣ ខែកក្ដដា ឆ្នាំ២០១៨ នៅកំណាត់ផ្លូវជាតិលេខ៥A មុខមណ្ឌលសុខភាពព្រែកព្នៅ ជិតផ្សារព្រែកព្នៅ ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ យោងតាមមាត្រា ៨៥ នៃច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក។

ក្រោយសវនាការចប់សព្វគ្រប់ហើយ លោក រស់ ពិសិដ្ឋ ចៅក្រមជំនុំជម្រះ បានសម្រេចលើកពេលប្រកាសសាលក្រម នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ។

គួររំលឹកថា កាលពីយប់ថ្ងៃទី៣ ខែកក្ដដា ឆ្នាំ២០១៨ នៅកំណាត់ផ្លូវជាតិលេខ៥A មុខមណ្ឌលសុខភាពព្រែកព្នៅ ជិតផ្សារព្រែកព្នៅ ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ជនជាប់ចោទខាងលើ ស្រវឹងស្រាជោកជាំ បានបើករថយន្តកុងតឺន័រ សណ្តោងរឺម៉កដែល មានក្បាលពណ៌ ស ពាក់ស្លាកលេខ ចង្កូតស្តាំ PP.0198 បុករថយន្តម៉ាក KIAក្បាល ពណ៌ស ពាក់ស្លាកលេខ កំពង់ឆ្នាំង 2A-0545 កំពុងចតស្ងៀមនៅលើចិញ្ចើមផ្លូវ បណ្តាលឲ្យជនរងគ្រោះ ឈ្មោះ យិន ចាន់ធី ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ លក់ត្រី ជនជាតិខ្មែរ ស្នាក់នៅភូមិ ត្រពាំងស្បូវ ឃុំស្រែថ្មី ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ៕ស តារា


ចែករំលែក៖