ព័ត៌មានទាន់ហេតុការណ៍៖

ឪពុកក្មេក និងកូនប្រសារផឹកសុីស្រវឹងទាញពូថៅ និងកាំបិតផ្គាក់កាប់គ្នារបួសធ្ងន់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ឪពុកក្មេកវ័យ ៦០ឆ្នាំម្នាក់ រងរបួសធ្ងន់ដោយផ្លែកាំបិតផ្គាក់ ជាស្នាដៃកូនប្រសាខណៈឪពុកក្មេករងរបួសទាញពូថៅសំពងក្បាលកូនប្រសាដៃដល់ នៅគ្រាដែលផឹកសុីជុំគ្នាស្រវឹងជោគជាំរាងៗខ្លួន និងប៉ះគិចពាក្យសម្ដីគ្នា។

ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៧ និង៣០នាទី យប់ថ្ងៃសុក្រ ៩​រោជ ខែ​បឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស. ​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០១៨ ត្រង់ចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិថ្មី ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក វរសេនីយ៍ត្រី ម៉ោល សុទ្ធ អធិការរងនៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា ជនរងរបួសឈ្មោះ លឹម ឈុន ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំកើតហេតុខាងលើ ចំណែកជនសង្ស័យដៃដល់ត្រូវជាកូនប្រសាឈ្មោះ ហោ ហាន ហៅងុយ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ រស់នៅក្រោមដំបូលតែមួយ ។

លោក វរសេនីយ៍ត្រីបន្តថា មុនដំបូងគេឃើញឪពុកក្មេករងរបួស និងជនសង្ស័យដៃដល់ត្រូវជាកូនប្រសា អង្គុយផឹកសុីជុំគ្នានៅមុខផ្ទះរហូតស្រវឹងស្រឿងៗរាងៗខ្លួន ក៍មានការទំនាសពាក្យសម្ដីគ្នាខ្លាំងៗដោយផ្ដើមចេញពីការប្រើប្រាសពិលអស់ថ្ម ខណៈនោះឪពុករងរបួសទាញពូថៅវាយចំពីលើក្បាលកូនប្រសា កូនប្រសាក្ដៅចិត្តទាញកាំបិតផ្គាក់កាប់វិញចំឆ្អឹងជំនីផុតខាងឆ្វេង បណ្ដាលឲ្យរងរបួសយ៉ាងដំណំហូរឈាមជោគខ្លួន។

លោក អធិការរងបន្តទៀតថា ជនសង្ស័យដៃដល់ត្រូវជាកូនប្រសាបានរត់គេចខ្លួនភ្លាមៗក្រោយធ្វើសកម្មភាពរួច ចំណែកឪពុកក្មេករងរបួសបានបញ្ជូនទៅសង្រ្គោះ នៅមន្ទីរបង្អែកខេត្តពោធិ៍សាត់ ករណីនេះបានបើកការសើបសួរ និងស្រាវជ្រាវស្រង់យកចម្លើយ ហើយធ្វើកំណត់ហេតុត្រឹមត្រូវដើម្បីបន្តនីតិវិធី៕ ប៉ឹម ពិន


ចែករំលែក៖