ភ្នំពេញៈ នៅវេលាម៉ោង៨និង៥០នាទីយប់ ថ្ងៃសៅរ៍ ១០រោជ ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ត្រង់ចំណុចជិតតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បុរសម្នាក់ បានបែកក្បាលស្លាប់លើថ្នល់គួរឲ្យអាណោចអាធ័ម និងម្នាក់ទៀត បានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជន បន្ទាប់ពីមានរថយន្តយីឌុបមួយគ្រឿង បានបើកជែងជ្រុលមកបុកម៉ូតូរបស់ពួកគេយ៉ាងពេញទំហឹងលាន់ដូចរន្ទះបាញ់ខែចេត្រ ។
សាក្សីថា គេឃើញបុរសម្នាក់ បើករថយន្តយីឌុបម៉ាក FUSO ទម្ងន់៩.៣៣តោន ក្បាលពណ៌ខៀវខ្ចី ពាក់ស្លាកលេខ ព្រះសីហនុ 3A-3694 បើកពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានជែងជ្រុលមកបុកម៉ូតូម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1H-7410 ជិះដោយបុរសពីរនាក់ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនដូចគ្នាចំពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ បោកក្បាលនឹងថ្នល់ស្លាប់មួយរំពេច និងបុរសម្នាក់ទៀត រងរបួសធ្ងន់។
ប្រភពបន្តថា ក្រោយពេលកើតហេតុមិនយូរប៉ុន្មាន មានរថយន្តសាមុយសង្គ្រោះមួយគ្រឿង ពណ៌ស របស់គ្លីនិកឯកជន បានដល់កន្លែងកើតហេតុ រួចលើកជនរងគ្រោះដាក់លើហ្វ្រង់កាសែងចូលរថយន្តដឹកយកទៅសង្គ្រោះ តែអកុសលដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេក ទើបជនរងគ្រោះដាច់ខ្យល់ស្លាប់តែម្ដង។
រថយន្តបង្កបានព្យាយាមបើករត់ចេញពីកន្លែងកើតប្រហែល២០០ម៉ែត្រ ទើបអ្នកបើកបរទុករថយន្តចោលរត់គេចខ្លួនបាត់ស្រមោល។
សមត្ថកិច្ចបានចុះមកពិនិត្យ និងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធី ។
សមត្ថកិច្ចប្រាប់ថា ជនរងគ្រោះ(សព)ទី១ មានឈ្មោះ ទី បុប្ផា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកសិករ មានស្រុកកំណើតភូមិក្រសា ឃុំដា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង (ស្លាប់នៅកន្លែងកើតហេតុ) និងជនរងគ្រោះ(សព)ទី២ មានឈ្មោះ ជីន បូចិត្ត ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកសិករមានស្រុកកំណើតនៅភូមិជ្រលង ឃុំដា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅឯគ្លីនិកឯកជន សុធារិទ្ធ បែកចាន។
សាកសព ត្រូវសមត្ថកិច្ចចបានធ្វើកំណត់ហេតុ រួចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រៃណីព្រះពុទ្ធសាសនា ៕