ប្រទេសទួរគីបានចេញក្រឹត្យមួយកាលពីថ្ងៃអាទិត្យ ដោយសម្រេចបណ្តេញមន្រ្តីរាជការជាង 18.000 នាក់ ដែលពាក់កណ្តាលក្នុងចំណោមនោះគឺជាកងកម្លាំងប្រដាប់អាវុធ ។ ការដកហូតតួនាទីទាំងនេះ កើតឡើង មុនពេលដែលទួរគីដល់ថ្ងៃកំណត់ប្រកាសដកច្បាប់ស្តីពីគ្រាអាសន្នរយៈពេលពីរឆ្នាំដែលប្រកាសអនុវត្ត ក្រោយការប៉ុនប៉ងរដ្ឋប្រហារខែកក្កដា ឆ្នាំ២០១៦ មិនបានសម្រេច ។
អនុក្រឹត្យនេះបានសម្រេចដាក់ចេញ បន្ទាប់ពីលោក Tayyip Erdogan ទទួលជ័យជម្នះរការបោះឆ្នោតប្រធានាធិបតីកាលពីខែមុន ហើយស្បថចូលបន្តតំណែងប្រធានាធិបតីដ៏មានអំណាចនៅថ្ងៃទី៩ ខែកក្កដានេះ។
អនុក្រឹត្យនេះផងដែរ បានទាត់ចោលសិក្ខាកាមចំនួន 199 នាក់ ដែលមកពីសាកលវិទ្យាល័យនានាទូទាំងប្រទេស ក៏ដូចជាបុគ្គលិកជាង 5.000 នាក់មកពីកងកម្លាំងប្រដាប់អាវុធជាដើម។
ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិអះអាងកាលពីខែមីនាថា អាជ្ញាធរទួរគីបានបណ្តេញមន្រ្តីអង្គការស៊ីវិលប្រហែល 160.000 នាក់រួចមកហើយ ចាប់តាំងពីការធ្វើរដ្ឋប្រហារដោយកងកម្លាំងយោធាមិនសម្រេចជោគជ័យ ។
ក្នុងចំណោមអ្នកដែលត្រូវបានឃាត់ខ្លួន មានជាង 50.000 នាក់ត្រូវបានគេចោទប្រកាន់ជាផ្លូវការហើយ និងបានបន្តជាប់ឃុំខ្លួននៅក្នុងពន្ធនាគារអំឡុងពេលនៃការជំនុំជម្រះទោស ។
ក្រុមសម្ព័ន្ធមិត្តលោកខាងលិចរបស់ប្រទេសទួរគីបានរិះគន់ការបង្ក្រាបនេះរបស់រដ្ឋាភិបាល ។
អ្នករិះគន់លោកប្រធានាធិបតី Tayyip Erdogan បានចោទប្រកាន់ថា Tayyip Erdogan បានប្រើប្រាស់ការបរាជ័យនៅក្នុងការចរចាជាលេស ដើម្បីកម្ចាត់ក្រុមប្រឆាំង ។
រដ្ឋាភិបាលប្រទេសទួរគីនិយាយថា វិធានការទាំងនេះ ចាំបាច់ត្រូវតែអនុវត្តដើម្បីប្រយុទ្ធប្រឆាំងការគំរាមកំហែងដល់សន្តិសុខជាតិទាំងមូល ៕ ថាច់ យ៉ាត