ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានប្រកាសជ្រើសរើសអ្នកស្ម័គ្រចិត្តចូលរួមអង្កេតការណ៍ នាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០១៨ ដែលចំនួនពី៤ ៥០០នាក់ដល់៥០០០នាក់។
សេចក្តីជូនដំណឹងកាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ ACU នឹងទទួលចុះឈ្មោះចំពោះអ្នកមានបំណងស្ម័គ្រចិត្តចូលរួមអង្កេតការណ៍នេះ ចាប់ពីថ្ងៃទី១០ ខែកក្កដា រហូតគ្រប់ចំនួនកំណត់ ។
ការជ្រើសរើសនឹងផ្តល់អាទិភាពដល់អ្នកធ្លាប់ចូលរួមសង្កេតការណ៍ប្រឡង ដោយទទួលចុះឈ្មោះតាមរយៈប្រព័ន្ធ តេឡេក្រាម ក្រុម « BacII Obs 2017-2018 » ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១០ កក្កដា ។
សម្រាប់អ្នកធ្លាប់សង្កេតការណ៍ តែមិនទាន់មានឈ្មោះក្នុងក្រុម « BacII Obs 2017-2018 » សូមទាក់ទងចុះឈ្មោះតាមលេខទូរស័ព្ទ ០៧០ ៤៥៤ ៥១១ និង ០៩៦ ៦៦៦ ៦៥០៨ ។
អង្គភាពប្រឆាំងអំពើពុករលួយ នឹងបើកទូលាយទទួលចុះឈ្មោះអ្នកមានបំណងចង់ចូលរួម ចាប់ពីថ្ងៃទី១០ កក្កដា រហូតដល់គ្រប់ចំនួនកំណត់ នៅទីស្នាក់ការអង្គភាព ។ អ្នកមានបំណងស្ម័គ្រចិត្តចូលរួមសង្កេតការណ៍ អាចទទួលបានពាក្យស្នើសុំចូលរួមសង្កេតការណ៍ស្ម័គ្រចិត្តពីគេហទំព័រអង្គភាព (www.acu.gov.kh) ឬគេហទំព័របណ្តាញសង្គម (www.facebook.com/acukhmer) ឬអាចទាក់ទង ០១៥ ៣៣៣ ៩០១ និង ០៨៩ ៤៤៤ ៥៣៨ ។
គួររំលឹកថា កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា អ្នកអង្កេតការណ៍ប្រឡងសញ្ញាបត្របាក់ឌុបឆ្នាំ២០១៧-២០១៨ មានជាង ៦ពាន់នាក់ មកពីអង្គភាពប្រឆាំងអំពើពុករលួយ(ACU) ៕ ថាច់ យ៉ាត