ប៉ូលិសអ៊ីរ៉ាក់បានបាញ់ឆៅៗតែម្តងទៅលើក្រុមបាតុកររាប់សិបនាក់ នៅក្បែរមជ្ឈមណ្ឌលប្រេង ភាគខាងត្បូងទីក្រុង Basra កាលពីថ្ងៃអាទិត្យ ខណៈដែលពួកគេធ្វើបាតុកម្មប្រឆាំងអំពីកង្វះការងារធ្វើ គ្មានអគ្គីសនី គ្មានទឹក និងសេវាកម្មមូលដ្ឋានដទៃផ្សេងទៀត ។
ប៉ូលីសបាននិយាយថា ក្រុមបាតុករ៨នាក់បានរងរបួស នៅក្នុងការបាញ់ប្រហារនេះ ខណៈដែលចៅហ្វាយក្រុងមួយរូបបាននិយាយថា បាតុករម្នាក់បានស្លាប់ និង៣នាក់ទៀតបានរងរបួស ។
លោក Yaseen al-Battat ចៅហ្វាយស្រុកម្នាក់មកពីតំបន់ Imam Sadiq បាននិយាយថា “អ្នកតវ៉ាគ្រាន់តែទាមទារឱ្យមានការងារត្រឹមត្រូវ និងសេវាកម្មមូលដ្ឋានល្អប្រសើរប៉ុណ្ណោះ ប៉ុន្តែប៉ូលិសបែរជាបាញ់ប្រហារ និងសម្លាប់អ្នកតវ៉ាទៅវិញ” ។
មន្ត្រីប៉ូលីស និងក្រុមមន្ត្រីប្រេងកាតបាននិយាយថា ឧបទ្ទវហេតុដែលកើតឡើងកាលពីថ្ងៃអាទិត្យ ទី៨ ខែកក្កដា មិនបានប៉ះពាល់ដល់សន្តិសុខ ឬប្រតិបត្តិការប្រេងកាតនៅភាគខាងត្បូងនេះឡើយ ។
ក្រុមអ្នកតវ៉ាមកពីតំបន់ដីស្រែចំងាយប្រហែល 100 គីឡូម៉ែត្រ ភាគខាងជើងទីក្រុង Basra ។ ពួកគេបានប្រមូលផ្តុំគ្នានៅលើផ្លូវហាយវ៉េ នៅជិតក្រុមហ៊ុនប្រេងកាត ខាងត្បូងតំបន់ West Qurna-2 ប្រតិបត្តិដោយក្រុមហ៊ុនរុស្ស៊ី និង West Qurna 1 oilfield ប្រតិបត្តិរកប្រេងដោយក្រុមហ៊ុន Exxon Mobil ។
សហគមន៍ក្នុងតំបន់ និងកុលសម្ព័ន្ធនៅក្នុងប្រទេសអ៊ីរ៉ាក់ ទីដែលក្រុមហ៊ុនប្រេងបរទេសកំពុងអភិវឌ្ឍធនធានថាមពលដ៏ធំរបស់អង្គការ OPECនោះ បានធ្វើបាតុកម្មបន្តបន្ទាប់ជម្រុញឱ្យក្រុមហ៊ុនផ្តល់ការងារ និងអត្ថប្រយោជន៍ផ្សេងទៀតដល់ពួកគេ។
ស្ថេរភាពនៅក្នុងទីក្រុង Basra ដែលជាទីក្រុងភាគខាងត្បូងនៃគែមឈូងសមុទ្ររបស់អ៊ីរ៉ាក់នេះ គឺមានសារៈសំខាន់ខ្លាំងណាស់ ។ ទីនេះជាមជ្ឈមណ្ឌលសម្រាប់ការនាំចេញប្រេង មានចំនួនជាង 95 ភាគរយនៃប្រាក់ចំណូលរបស់រដ្ឋាភិបាលអ៊ីរ៉ាក់ ៕ ថាច់ យ៉ាត