ខេត្តតាកែវ៖ កាលពីម៉ោង ៦ព្រឹក ថ្ងៃចន្ទ ១២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ មានហេតុការណ៍បុរសម្នាក់ត្រូវ រថភ្លើងបើកកិនដាច់ជើងទាំង២ត្រឹមភ្លៅ បណ្តាល ឲ្យស្លាប់យ៉ាងអាណោចអាធ័ម ដោយមិនដឹងថា ជនរងគ្រោះដាច់ចិត្តធ្វើបែបនេះដោយសារតែមូលហេតុអ្វីនោះទេ ។
ហេតុការណ៍មួយនេះបានកើតឡើងនៅចន្លោះគីឡូម៉ែត្រលេខ ៥៨-៥៩ ភូមិក្រាំងរលូត ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ ។
សមត្ថកិច្ចបានប្រាប់ថា បុរសរងគ្រោះខាងលើមានឈ្មោះថា កែវ សុឃីម មានអាយុ ៣៧ឆ្នាំ រស់នៅភូមិក្រាំងរលូត ឃុំសំរោង ស្រុកសំរោង ត្រូវបានរថភ្លើងបើកកិនដាច់ភ្លៅបណ្តាលឲ្យ ស្លាប់យ៉ាងរន្ធត់។
ប្រភពបន្តថា ចំពោះមូលហេតុដែលបណ្តាលឲ្យបុរសខាងលើទៅដេកនៅលើផ្លូវរថភ្លើង គឺមកពីមានទំនាស់ជាមួយក្រុមគ្រួសារ ប៉ុន្តែមិនដឹងថា ទំនាស់អ្វីនោះទេ ។
សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕