ភ្នំពេញ ៖ ក្រុមចោរមួយក្រុមមានគ្នា៤នាក់បានធ្វើសកម្មភាពឆក់កាបូបស្ត្រី២នាក់ ម្តាយកូន ខណៈដែលពួកគាត់កំពុងជិះម៉ូតូឌុបគ្នាបណ្ដាលឲ្យដួល ហើយឃើញឱកាស ល្អប្រើដំបងវាយប្លន់យកម៉ូតូ និងកាបូបលុយជាង៤លានរៀលទៅបាត់ទាំងព្រលឹម ។
ករណីប្លន់ម៉ូតូនិងលុយជាង៤លានរៀលនេះបានកើតឡើងកាលពីវេលាម៉ោង៤ និង២០នាទីទៀបភ្លឺថ្ងៃចន្ទ ១២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ នៅតាម បណ្ដោយផ្លូវបេតុង ក្នុងភូមិជម្ពូវ័ន សង្កាត់ ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។
ស្ត្រីជនរងគ្រោះទាំង២នាក់ខាងលើ ម្ដាយឈ្មោះ ណេត សំបូរ អាយុ៥២ឆ្នាំ មុខ របរលក់បាយនៅផ្ទះ រស់នៅភូមិព្រៃ សណ្តែក សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍ សែនជ័យ និងកូនស្រីឈ្មោះ សេង សុភក្តិ ភេទស្រីអាយុ៣០ឆ្នាំ មុខរបរកម្មកររោង ចក្រ រស់នៅជាមួយម្តាយ។ ចំណែកសម្ភារ ដែលបាត់បង់រួមមាន ម៉ូតូស្គូពីមួយគ្រឿង ពណ៌ក្រហម ស៊េរីឆ្នាំ២០១៤ ពាក់ស្លាក លេខភ្នំពេញ 1DY-4661 ប្រាក់ជាង២លាន រៀល និង៥០០ដុល្លារ ។
តាមប្រភពព័ត៌មានពីស្ត្រីជាម្តាយបានឲ្យដឹងថា មុនពេលកើតហេតុពួកគាត់បានចេញពីផ្ទះដោយកូនស្រីជាអ្នកឌុបគាត់ទៅទិញអីវ៉ាន់នៅផ្សារជម្ពូវ័ន។ លុះជិះម៉ូតូមកដល់ផ្លូវកាត់ម្តុំផ្ទះសំណាក់ខាងក្រោយវិទ្យាល័យជម្ពូវ័ន ស្រាប់តែមានជនសង្ស័យ៤ នាក់ជិះម៉ូតូ២គ្រឿង និងពាក់មួកសុវត្ថិភាព ធ្វើដំណើរស្របទិសគ្នាជាមួយគាត់។ ពេល មកដល់ផ្លូវស្ងាត់ជនសង្ស័យទាំងនោះបានធ្វើសកម្មភាពឆក់កាបូបយួរពីគាត់បណ្តាលឲ្យដួលម៉ូតូ។ បន្ទាប់មកជនសង្ស័យម្នាក់ទៀតបានយកដំបងរកវាយស្ត្រីជាម្តាយ ដោយកូនស្រីឃើញជនសង្ស័យយកដំបងរកវាយម្តាយក៏បានស្រែកប្រាប់ម្តាយថា «ឱ្យកាបូបទៅគេទៅម៉ែគេវាយឥឡូវ ហើយ»។ ភ្លាមនោះស្រ្តីរងគ្រោះបានប្រគល់កាបូបលុយឲ្យជនសង្ស័យហើយជនរងគ្រោះទាំងពីរនាក់ម្តាយនិងកូនស្រីនាំគ្នារត់ចេញពីម៉ូតូរបស់ខ្លួនដោយឃើញឱកាសល្អជនសង្ស័យបានលើកយកម៉ូតូជនរងគ្រោះជិះចេញទៅបាត់ដោយសុវត្ថិភាពធ្វើឲ្យជនរងគ្រោះបានត្រឹមឈរស្រែកយំឲ្យ ពលរដ្ឋនិងសមត្ថកិច្ចជួយអន្តរាគមន៍ផង។
ក្រោយកើតហេតុជនរងគ្រោះទាំង២នាក់ម្តាយនិងកូនស្រីបាននាំគ្នាទៅដាក់ ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ៣ ដើម្បីកំណត់មុខសញ្ញាក្រុមចោរប្លន់ទាំងនោះយកមកដាក់ទោសតាមច្បាប់ ៕ សុខាសែនជ័យ