ភ្នំពេញ ៖ អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានអះអាង ថា ការមានអ្នកចូលរួមសង្កេតការណ៍ជាតិ ឬមិនចូលរួមជារឿងបន្ទាប់បន្សំសំខាន់ មានអ្នកសង្កេតការណ៍មកពីប្រទេសនេះ ប្រទេសនោះការបោះឆ្នោតទទួលយកជា ការបានហើយ ។
ការលើកឡើងរបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជានេះដោយសារតែ លោកថា រាល់ការបោះឆ្នោតម្តងៗទោះបីជាមានអ្នកសង្កេតការណ៍ជាអន្តរជាតិចូលរួមការបោះឆ្នោតក្តីក៏អតីតបក្សប្រឆាំងនៅតែមិនទទួលស្គាល់លទ្ធផលបោះឆ្នោតនោះដែរ ។
លោក សុខ ឥសាន បានឲ្យដឹងកាល ពីថ្ងៃចន្ទ ១២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨យ៉ាងដូច្នេះថា ជាការ កត់សម្គាល់នៅរៀងរាល់លើកនៃការបោះឆ្នោតចាប់ពីឆ្នាំ១៩៩៨មកទោះបីមានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិរាប់ម៉ឺន នាក់ចូលរួមសង្កេតការណ៍ ហើយវាយតម្លៃល្អយ៉ាងណាក៏អតីតបក្សប្រឆាំងដឹកនាំ ដោយលោក សម រង្ស៊ី នៅតែមិនយកជា បានការដដែលហើយដឹកនាំធ្វើបាតុកម្មតូចឬធំប្រឆាំងលទ្ធផលបោះឆ្នោតជានិច្ច ។
លោកបានបន្តថា ជាក់ស្តែងនៅក្នុងការបោះឆ្នោតឆ្នាំ១៩៩៨ដែលសហគមន៍អឺរ៉ុបបានវាយតម្លៃថា ជាអច្ឆរិយៈតាមដងទន្លេ មេគង្គក៏ទណ្ឌិត សម រង្ស៊ី នៅតែប្រកាសមិន ទទួលស្គាល់ការបោះឆ្នោតនោះដែរ ហើយថែមទាំងដឹកនាំធ្វើបាតុកម្មរហូតដល់មានស្លាប់មនុស្សទៀតផង។ បើទណ្ឌិតសម រង្សុី យកការសង្កេតការណ៍ជាបានការ ហេតុអី្វ បានជាមិនអើពើនឹងការវាយតម្លៃរបស់អ្នកសង្កេតការណ៍ជាតិ អន្តរជាតិរាប់ម៉ឺននាក់? កាលពីការបោះឆ្នោតឆ្នាំ២០០៣-២០០៨ និងជាពិសេសឆ្នាំ២០១៣មានអ្នកសង្កេត ការណ៍ជាង១០ម៉ឺននាក់ចូលរួមសង្កេត ការណ៍តែ សម រង្សុី និងបក្ខពួកនៅតែឡាំប៉ា ដដែលនៅពេលដឹងថា ខ្លួនចាញ់ឆ្នោត ។
លោក សុខ ឥសាន បានបន្ថែមថា តើ ការសង្កេតការណ៍មានសារសំខាន់ស្អីទៅ សម្រាប់ពួកប្រឆាំង? តាមការណ៍ពិតពួកប្រឆាំងយកការសង្កេតការណ៍បោះឆ្នោត គ្រាន់តែជារបាំងសម្រាប់ផលចំណេញ ដល់ខ្លួនប៉ុណ្ណោះ។ តែបើខ្លួនចាញ់ខ្លួននៅ តែមិនអើពើ និងការវាយតម្លៃរបស់អ្នក សង្កេតការណ៍ដដែល ។
ឥឡូវនេះទៀតនៅក្នុងការបោះឆ្នោតឆ្នាំ២០១៨នេះពួកគេបានឲ្យតម្លៃទៅលើការសង្កេតការណ៍ណាស់ហើយបាននិយាយទុកជាមុនថា បើអត់អ្នកសង្កេតការណ៍ពី បណ្តាប្រទេសលោកសេរីគេថា ការបោះ ឆ្នោតមិនបានការ ។
លោកបានបញ្ជាក់ថា «ដូច្នេះការមាន អ្នកសង្កេតការណ៍ ឬមិនមានវាគ្រាន់ជា កត្តាបន្ទាប់បន្សំប៉ុណ្ណោះមិនមែនជាកត្តា កំណត់ថា ត្រូវតែមានប្រទេសនេះប្រទេសនោះចូលរួមសង្កេតការណ៍ទើបការបោះឆ្នោតនឹងយកជាបានការនោះទេ។ ការ បោះឆ្នោតចាត់ទុកជាបានការអាស្រ័យលើប្រជាជនកម្ពុជាជាម្ចាស់ឆ្នោតជាអ្នកសម្រេចកំណត់ទទួលស្គាល់មិនអាស្រ័យលើជន បរទេសជាអ្នកកំណត់ជំនួសម្ចាស់ប្រទេសនោះឡើយ។ នេះហើយហៅថាប្រជាធិប តេយ្យនៅប្រទេសណាគឺប្រជាជនប្រទេសនោះជាអ្នកសម្រេចកំណត់» ។
សូមជម្រាបថា ការលើកឡើងរបស់អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជានេះ ខណៈដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានទទួលស្គាល់ទាំងអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិមានចំនួន៥ម៉ឺន នាក់គិតត្រឹមថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ កន្លងមក ៕ ហេង សូរិយា