ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់ បានឃាត់ខ្លួនបុរសម្នាក់ជាកម្មករសំណង់ បន្ទាប់ពីរូបគេបានធ្វើសកម្មភាពលួចខ្សែភ្លើងនៅក្នុងការដ្ឋានសំណង់មួយកន្លែងនៅកោះពេជ្រ ហើយត្រូវសន្តិសុខឃើញទាន់ចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្តង ។
ករណីឃាត់ខ្លួនខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃអង្គារ ១៣រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨នេះ នៅក្នុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីនគរបាលខណ្ឌចំការមន បានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ម៉ន សារ៉ាន ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរកម្មករសំណង់ បច្ចុប្បន្នស្នាក់នៅក្នុងការដ្ឋានសំណង់មួយនៅក្នុងទីក្រុងកោះពេជ្រ និង មានស្រុកកំណើតនៅខេត្តកំពង់ចាម។
មន្រ្តីដដែលបានបន្តទៀតថា មុនពេលកើតហេតុ គឺជនសង្ស័យបានធ្វើសកម្មភាពលួចខ្សែភ្លើង បានមួយការ៉ុងពីក្នុងការដ្ឋានមួយកន្លែងក្នុងបរិវេណមជ្ឍមណ្ឌលកោះពេជ្រ ហើយក៏ត្រូវបានក្រុមសន្តិសុខឃើញទាន់ចាប់ឃាត់ខ្លួន យកមកប្រគល់ឲ្យនគរបាលប៉ុស្តិ៍ទន្លេបាសាក់តែម្តង ។
ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទន្លរបាសាក់ ធ្វើការសាកសួរ និង កំណត់ហេតុបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការតាមច្បាប់ ៕ស រស្មី