ខេត្តស្វាយរៀង៖ ភ្លៅមាន់ និងស្លាបមាន់ខូចគុណភាពជាង៧គីឡូក្រាម ដែលក្រុមឈ្មួញយមកលក់ ក្នុងផ្សារតាពៅ ក្រុងបាវិតត្រូវបានមន្ត្រីកាំកុងត្រូលខេត្តស្វាយរៀង សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ចុះពិនិត្យនិងរកឃើញកាលពីព្រឹកថ្ងៃពុធ ១៤រោច ខែបមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ ។
ប្រភពរាយការណ៍ថា កាំកុងត្រូលខេត្តស្វាយរៀង បានចុះពិនិត្យមុខទំនិញ គោលបំណងធានាបានសុវត្ថិភាពម្ហូបអាហារជូនប្រជាពលរដ្ឋ និងលើកកម្ពស់សុខមាភាពដល់ពួកគាត់ ព្រោះវាមានសារសំខាន់ចាំបាច់ណាស់ក្នុងសង្គម និងជីវភាពប្រចាំថ្ងៃ ។
មន្ត្រីជំនាញបានធ្វើការចុះពិនិត្យមុខទំនិញជាច្រើនមុខ ក្នុងទីតាំងផ្សារតាពៅនាពេលនេះ បានរកឃើញទំនិញខូចគុណភាព(ភ្លៅមាន់ ស្លាបមាន់)បានជាង៧គីឡូក្រាម ជាពិសេសបានដកហូត និងហាមឃាត់ម្ហូបអាហារ ដែលច្បាប់ហាមឃាត់ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពហើយការនាំចូលពីក្រៅប្រទេសតាមច្រករបៀងហើយ បើឲ្យជំនាញរបស់រកឃើញ និងដកហូតយកទៅកម្ទេចចោល ។
ចំណែកអ្នកលក់ក៏បានយល់ព្រមបញ្ឈប់ការដាក់លក់ទំនិញ ដែលខូចគុណភាព ហួសការបរិច្ឆេទប្រើប្រាស់ ព្រោះពួកគេទាំងអស់នោះបានយល់ដឹង នូវផលប៉ះពាល់ដល់សុខភាពនៅពេលដែលប្រើប្រាស់ទំនិញដែលខូចគុណភាព ។
មន្ត្រីបានអំពាវដល់ប្រជាពលរដ្ឋក៏ដូចជាសិស្សានុសិស្សទាំងអស់ នៅខេត្តស្វាយរៀង សូមមានការប្រុងប្រយ័ត្នចំពោះការបរិភោគចំណីអាហារ ត្រូវពិនិត្យមើលស្លាកសញ្ញាកាលបរិច្ឆេទឲ្យបានច្បាស់លាស់ មុនទិញយកទៅបរិភោគ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពទាំងអស់គ្នា ហើយមន្ត្រីកាំកុងត្រូល នឹងបន្តចុះពិនិត្យទំនិញនៅតាមផ្សារនានា នៅក្នុងខេត្តស្វាយរៀង ឲ្យបានញឹកញាប់បន្ថែមទៀត៕ យឹម សុថាន