ខេត្តពោធិ៍សាត់៖ បុរសរងគ្រោះពីរនាក់ត្រូវបានរថយន្តម៉ាក តូយូតាកាមរី ពណ៌ត្រាវ ពាក់ស្លាកលេខ ភ្នំពេញ 2I 4681 បុកបាក់ជើងខាងឆ្វេងទាំងពីរនាក់ កាលពីវេលាម៉ោង១១ និង១៥នាទីយប់ ថ្ងៃអង្គារ ១៣រោច ខែបមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៨៥-១៨៦ (លើស្ពានថ្មស្ទឹងពោធិ៍សាត់) ស្ថិតក្នុងភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានជុំវិញកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងគេឃើញរថយន្តបង្កបានធ្វើដំណើរក្នុងទិសដៅពីទិសខាងលិចឆ្ពោះទៅទិសខាងកើត លុះមកដល់ចំណុចកើតហេតុបានជ្រុលបុកម៉ូតូ ១គ្រឿងម៉ាក វីវ៉ាសូហ្គុណ ពណ៌ខ្មៅ ពាក់ស្លាក់លេខ កំពង់ឆ្នាំង 1B-3202 ឌុបគ្នា ២នាក់ដែលធ្វើដំណើរក្នុងទិសដៅបញ្រ្ចាស់គ្នា(កើតទៅលិច)ពេញទំហឹងបណ្តាលឲ្យអ្នកបើកបរម៉ូតូ និងអ្នករួមដំណើររងរបួសបាក់ជើងខាងឆ្វេងទាំង ២នាក់រដូករណេលតែម្ដង អ្នកបើកបររថយន្តឃើញហេតុការណ៍ដូច្នេះ ក៍បានចុះពីលើរថយន្ត រត់គេចខ្លួនបាត់ស្រម៉ោល។
ប្រភពព័ត៌មាននៅទីនោះបន្តទៀតថា ភ្លាមៗនោះជនរងរបួសត្រូវបានគេបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ចំណែកវត្ថុតាងរថយន្ត និងម៉ូតូត្រូវបានមន្រ្តីជំនាញផ្នែកចរាចរណ៍ផ្លូវគោក យកទៅរក្សាទុកជាបណ្ណោះអាសន្នរងចាំធ្វើការវាស់វែង និងដោះស្រាយគ្នាតាមនីតិវិធីជាក្រោយ៕ ប៉ឹម ពិន