ភ្នំពេញៈក្នុងលោកយើងនេះ មនុស្សយើងកើតមកគ្មានអ្នកណាមានជីវិតអមតៈនោះទេ ។ កើត ចាស់ ឈឺ ស្លាប់ ជាច្បាប់ធម្មជាតិបានកំណត់មក ។ ព្រះសម្មា សម្ពុទ្ធ បានសម្តែងប្រាប់សត្វលោកឲ្យយល់ដឹងពីការចាប់កំណើតរបស់មនុស្ស និងសត្វ កើតមកហើយ រមែងរលត់ជីវិតទៅវិញដោយចៀសមិនផុត ។
យ៉ាងណាមិញ ដូចជីវិតនិស្សិតស្រីម្នាក់ឈ្មោះ ឆេង ឌីណា អាយុ ២២ ឆ្នាំ រៀនផ្នែកគីមីវិទ្យា ឆ្នាំទី៣ នៃសកលវិទ្យាល័យភូមិន្ទ ភ្នំពេញ( បង់ថ្លៃវេនយប់) ដែលមានវ័យនៅក្មេងខ្ចី គ្រាដែល នាងរស់នៅជាមួយម្តាយដោយឪពុករត់ចោលតាំងពីនាងនៅអាយុ៧ខែ ហើយអ្នកម្តាយដែលតស៊ូក្នុងឆាកជីវិតមិនខា្លចនឿយហត់ជាមួយកូនស្រីដែល កំពុងស្រលាញ់ស្មើជីវិតក្នុងបេះដូង បែរជានាងក្រមុំមានជំងឺផ្លូវដង្ហើម ដំណាក់កាលធ្ងន់ធ្ងរ ត្រូវក្រុម គ្រួសារដឹកយកទៅសង្រ្គោះបន្ទាន់នៃមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត ច្រើនថ្ងៃមកហើយ ។ ទីបំផុតការតស៊ូរបស់ម្តាយ ជាច្រើនឆ្នាំក្នុងនាមជាស្រ្តីមេម៉ាយប្តូរជីវិតដើម្បីកូនស្រីតែមួយ បានត្រឹមតែស្រែកទ្រហោរយំ សោកសង្រេងគ្មានទីបញ្ចប់ ដោយបានបាត់បង់គ្រាប់ពេជ្រមួយគ្រាប់នេះពីកែវភ្នែកជារៀង រហូត ព្រោះតែយមរាជមិនប្រណីផ្តាច់ជីវិតនាងនាវេលាម៉ោង ១ និង ៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃ ពុធ ១៤ រោច ខែ បឋមាសាឍ ឆ្នាំ ស សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ ។
អ្វីដែលគួរឲ្យក្តុកក្តួល និងស្មានមិនដល់នោះ គឺមុននឹងលាចាកពិភពលោកនេះទៅ យុវតីដ៏អភ័ព្វម្នាក់នេះ បានយកត្រចៀកលួចត្រងស្តាប់ការពិភាក្សាជំងឺរបស់នាងនៅក្រៅបន្ទប់ រវាងម្តាយនិងគ្រូពេទ្យ ហើយពេលនោះគ្រួពេទ្យបង្ហើបប្រាប់ថា« ជីវិតនាងមិនមានសង្ឃឹមរស់ទេ»។ ពាក្យថា« មិនសង្ឃឹមថារស់ទេ»ប៉ុន្មានម៉ាត់នេះ ធ្វើឲ្យនាងមានស្មារតីរន្ធត់តក់ស្លុតយ៉ាងខ្លាំងហើយទឹកភ្នែកក៏ចាប់ផ្តើមរមៀលធ្លាក់ពីកែវភ្នែកទាំងពីរជោកខ្នើយតែម្តង ។
កញ្ញា ឆេង ឌីណា ដែលប្រៀបបានកំពុងស្ថិតនៅក្នុងចង្កូមមច្ចុរាជ ព្រោះតែអស់សង្ឃឹមក្នុង ជីវិត នាងបានទាញយកទូរស័ព្ទដៃ មកសរសេរបណ្តាំចុងក្រោយដាក់ក្នុងអាក់ខោនហ្វេសប៊ុក របស់នាង ដោយរៀបរាប់ទាំងក្តុកក្តួលយ៉ាងវែងអន្លាយពោរពេញដោយទឹកភ្នែកថាៈ
សូមថែម៉ាក់ខ្ញុំផង! ពេលនេះកូនបានលាម៉ាក់ជាទីស្រលាញ់របស់កូនឆ្ងាយហើយ ឆ្ងាយឥតត្រឡប់មកវិញឡើយ។ ឲ្យកូនសូមទោសម៉ាក់ផងដែលកូនមិនទាន់បានតបស្នងសងគុណចំពោះម៉ាក់។ មិនត្រឹមតែមិនទាន់បានសងគុណម៉ាក់ទេ កូនថែមទាំងបានធ្វើឲ្យម៉ាក់ស្រក់ទឹកភ្នែកឥតស្រាកស្រាន្ត អំឡុងពេលបង្កើតកូន និងជីវិតចុងក្រោយរបស់កូន។
កូនដឹងថាម៉ាក់ហត់នឿយ ឈឺចុកចាប់ ព្រោះម៉ាក់បានបាត់បង់កូនម្នាក់នេះ ព្រោះកូនដឹងថាម៉ាក់ស្រលាញ់កូនណាស់។កូនដឹងថាម៉ាក់ប៉ុន្មានថ្ងៃនេះបាយមិនបាន សម្រាន្តមិនលក់ ម៉ាក់យំ ម៉ាក់ភ័យ ម៉ាក់អាណិតកូន ពេលខ្លះម៉ាក់ញាំបាយលាយទឹកភ្នែក ញាំមិនឆ្អែត ម៉ាក់មានតែកូនមួយមិនដឹងប្រើអ្នកណា ដូចនេះម៉ាក់ត្រូវពេទ្យហៅអោយបង់លុយ ម៉ាក់រត់ទៅទិញថ្នាំ ឲ្យកូន ម៉ាក់ជូតខ្លួនឲ្យកូន ប្តូរខោអាវឲ្យ កូន ម៉ាក់ត្រូវអង្គុយនៅចំាមើលអេក្រង់គ្រប់គ្រងលើរាងកាយកូនគ្រប់ពេលព្រោះខ្លាចមានបញ្ហាអ្វីមួយកើតឡើងលើរូបកូន។ ពេលជំងឺកូនរើឡើងម្តងៗម៉ាក់ភ័យ យំ ហៅគ្រូពេទ្យឲ្យមកមើលកូន ម៉ាក់ម្តងយំ-ម្តងសើច ស្ទើរតែក្លាយជាមនុស្សម្នាក់ថ្មីមួយទៀត។ កូនអាណិតម៉ាក់ណាស់ នេះហើយជីវិតកូនទោល។ កូនដឹងថា ទឹកចិត្តរបស់ម៉ាក់បើអាចឈឺជំនួសកូនបាន ម៉ាក់សុខចិត្តដើម្បីកូន។ ចំណែកផ្លូវងងឹតគ្រូហ្មថាកូនខុសនេះខុសនោះ ត្រូវរៀបចំឲ្យគេ ម៉ាក់មិនត្អូញត្អែរថាហត់ឡើយ ម៉ាក់បានជិះឡានតាក់ស៊ីមកផ្ទះភ្លាមៗ(កំពង់ឆ្នាំង)ដើម្បីរៀបចំកម្មវិធី, ចប់សព្វគ្រប់ម៉ាក់ចេញឡានទៅវិញទាំងយប់ដោយក្តីបារម្ភជាប់នឹងកូនជានិច្ច។ នេះជាការលះបង់ខ្ពស់ណាស់ដែលកូនបានដឹងតាមអារម្មណ៍របស់កូន កូនអាណិតម៉ាក់ណាស់ កូនបានតែសម្រក់ទឹកភ្នែកពេលឃើញមុខម៉ាក់។ គ្រាន់តែលោកដុកទ័រប្រាប់ថាកូនអស់សង្ឃឹម ម៉ាក់មិនហ៊ានចូលទៅមើលមុខកូនទៀតទេ ម៉ាក់អង្គុយយំពេញមួយរាត្រីនៅខាងក្រៅដោយក្តីឈឺចាប់បំផុត ព្រោះម៉ាក់ដឹងថាដង្ហើមចុងក្រោយរបស់កូននឹងបញ្ចប់ទៅវិញក្នុងពេលឆាប់ៗនេះ។
ម៉ាក់អើយ-អើយម៉ាក់!កូនពិតជាសុំទោសម៉ាក់ដែលកូនកើតមកធ្វើជាកូនម៉ាក់បានត្រឹម២២ឆ្នាំនេះ។ ថ្វីត្បិតតែរយៈពេលវាខ្លីមែនក៏កូន និងម៉ាក់បានសាងនូវអនុស្សាវរីយ៍ជាច្រើនទាំងការលំបាក ទាំងស្រួល ព្រោះតែជីវភាពយើងក្រលំបាក, កូនធ្លាប់ដើរលក់នំជាមួយម៉ាក់កាលកូននៅតូចរហូតដល់កូនបានធំ ដើម្បីបានប្រាក់សម្រាប់ផ្គត់ផ្គង់អាហារ និងចំណាយលើការសិក្សា រហូតដល់កូនប្រឡងជាប់ថ្នាក់ទី១២ និងបន្តឲ្យកូនទៅរៀនបន្តនៅមហាវិទ្យាល័យ។ ពេលម៉ាក់រួយដៃជើង កូនជួយច្របាច់ឲ្យម៉ាក់បានស្រួល តែពេលនេះមិនដឹងថា តើម៉ាក់បានអ្នកណាជួយច្របាច់ជើងឲ្យម៉ាក់ទៀតទេ។ ពេលញ៉ាំបាយយើងមានគ្នាពីរនាក់ ពេលធ្វើកិច្ចការអ្វីមួយម៉ាក់សួរកូន កូនសួរម៉ាក់, ទៅផ្សារ ទៅកន្លែងផ្សេងៗ ទៅវត្តខែបុណ្យទានធំម្តងៗ មានម៉ាក់មានកូន ចុះពេលនេះតើមានអ្នកណានៅជាមួយម៉ាក់ទៀត។ ផ្ទះដែលទើបជួសជុលថ្មីនោះ ម៉ាក់ថាធ្វើទុកឲ្យកូននៅ តែធ្វើមិនទាន់រួចរាល់១០០%ទេព្រោះខ្វះប្រាក់ ពេលនេះកូនមិនបានឡើងទៅរស់នៅជាមួយម៉ាក់ទេ ពេលផ្ទះនេះធ្វើរួចរាល់។ កុំឃើញផ្ទះខ្ពស់ថាខ្ញុំមាន មានតែសំបកផ្ទះទេ ព្រោះត្រូវដីមួយកូនអំពកក៏ឆ្លៀតកែកុនឲ្យល្អទៅ។ គិតទៅជីវិតរបស់កូននិងម៉ាក់វេទនាតាំងពីកូនកើតមកបាន៧ខែ ត្រូវប៉ាចាកចេញពីយើងដោយគ្មានការទទួលខុសត្រូវ រហូតដល់ដង្ហើមចុងក្រោយទើបឃើញវត្តមានរបស់គាត់មកសួរសុខទុក្ខកូន តែវាគ្មានន័យ និងតម្លៃអ្វីសម្រាប់ពួកយើងឡើយ។
កូនក៏សូមអរគុណដល់ប៉ាអ៊ំ(អ៊ំម៉ន)-ម៉ាក់អ៊ំ(អ៊ំថា) ដែលបានជួយបីបាច់ថែរក្សាកូនពីតូច និងមួយរយៈចុងក្រោយនេះឃើញថាហត់ខ្លាំងណាស់ មកផ្លាស់ប្តូរវេនគ្នាទាំងគ្រួសារដើម្បីជួយមើលថែទាំកូន ពេលកូនឈឺកន្លងមក រហូតដល់ដង្ហើមចុងក្រោយ។ សូមអរគុណដល់បងប្អូនជីដូនមួយទាំងអស់គ្នាផង ខ្ញុំលាហើយណា…។…ហើយក៏សូមជម្រាបលា!!! យាយតា អ៊ុពូមាមីង បងប្រុសបងស្រី ប្អូនប្រុសប្អូនស្រី ក្មួយ ញាតិមិត្តភូមិផងរបងជិតឆ្ងាយទាំងអស់ ខ្ញុំជម្រាបលាហើយ អរគុណដែលបានផ្តល់កម្លាំងចិត្ត និងជូនពរដល់ខ្ញុំ, សូមជួយមើលម៉ាក់ខ្ញុំផង មិនដឹងពេលនេះគាត់ធ្លាក់ក្នុងស្ថានភាពយ៉ាងណានោះទេ។ ម៉ាក់ខ្ញុំគាត់គិតថា ពេលគាត់ចាស់ទៅ គាត់នៅមានខ្ញុំមើលថែទាំគាត់ ចិញ្ចឹមគាត់ តែពេលនេះបែរជាគាត់ជូនដំណើរខ្ញុំទៅវិញ។ បើគាត់ខ្វះខាតអ្វី ជួយគាត់ផង ពិសេសញាតិជិតខាងដែលតែងតែយកអាសារគាត់។ ខ្ញុំដឹងថាពេលម៉ាក់អត់អីញ៉ាំ មានការខ្វះខាត គឺម៉ាក់មានអ្នកជិតខាងហៅឲ្យញាំបាយ លើកទឹកចិត្ត ផ្តល់គំនិត-យោបល់ផ្សេងៗ គាត់ចិត្តល្អណាស់ ហើយខ្ញុំមិនដែលភ្លេចពួកគាត់នោះទេ។..
និងជម្រាបលាផងដែរ ដល់ថ្នាក់គ្រប់គ្រង-បុគ្គលិកគ្រួសាររីករាយ(ក្រេប៉ូ) ពិសេសមិត្តរួមការងារ និងបុគ្គលិកសាស្ត្រាចារ្យ លោកគ្រូអ្នកគ្រូ មិត្តនិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញទាំងអស់ អតីតមិត្តវិទ្យាល័យ មិត្តភក្តិជាទីស្រលាញ់ ខ្ញុំលាហើយ លាឥតត្រឡប់ឡើយ ខ្ញុំមិនចង់លាអ្នកគ្រប់គ្នាទេ ខ្ញុំចង់រៀនឲ្យចប់ ខ្ញុំនៅចង់ធ្វើការងារ ខ្ញុំចង់ជួបមុខអ្នករាល់គ្នានិយាយលេង ខ្ញុំចង់ដើរលេងរួមជាមួយមិត្តទាំងអស់គ្នា។ខ្ញុំនៅចង់ស្លៀកឯកសណ្ឋាននិស្សិតដូចមិត្តទាំងអស់គ្នាដែរ ខ្ញុំចង់នៅថតទទួលបរិញ្ញាបត្រ ពាក់អាវទទួលសញ្ញាបត្រជាមួយមិត្ត យកចំណេះជំនាញផ្នែកគីមីចូលរួមជួយសង្គមរបស់យើង….តែ….រឿងកន្លងទៅបើមានអ្វីខុសឆ្គងជាមួយគ្នាឲ្យខ្ញុំសូមអភ័យទោសផង…។ ហើយសូមអរគុណដល់ទឹកចិត្តដ៏ថ្លៃថ្លារបស់លោកគ្រូ-អ្នកគ្រូ បងៗ មិត្តនិស្សិត មិត្តរួមការងារតូចធំ មិត្តសម្លាញ់ទាំងអស់ ចំពោះថវិកា កម្លាំងចិត្ត សារជូនពរ ការមកសួរសុខទុក្ខ ការចំណាយពេលវេលាដើម្បីខ្វះខ្វែងរកជំនួយមកជួយសង្រ្គោះជីវិតរបស់ខ្ញុំដោយក្តីសង្ឃឹម ដើម្បីជួយសម្រាលទុក្ខមួយផ្នែកដល់ម៉ាក់របស់នាងខ្ញុំ តែថវិកានេះបែរជាប្រែក្លាយទៅជាថវិកាបុណ្យសពនាងខ្ញុំទៅវិញ។
ជាអវសាន្ត សូមជូនពរម៉ាក់មានសុខភាពល្អ យាយតាអ៊ំពូមាមីងបងប្រុសស្រី លោកគ្រូ-អ្នកគ្រូទាំង២ស្ថាប័ន មិត្តនិស្សិត មិត្តរួមការងារមិត្តជាទីស្រលាញ់ទាំងអស់សូមមានអាយុវែង សុខភាពល្អ សំណាងល្អ គ្រប់ៗគ្នា។ជម្រាបលា!!!! ជួយមើលម្តាយជំនួសខ្ញុំផង…លាហើយ លាលុះអវស្សាន្ត!!!
ពេលបានស្តាប់បណ្តាំយ៉ាងខ្លោចផ្សារបែបនេះ អ្នកណាមិនយំ មិនទឹកភ្នែក មិនក្តុកក្តួល ? សូមដួងវិញ្ញាណក្ខ័ន្ធកញ្ញា ឆេង ឌីណា ទៅសោយសុខក្នុងសគតិភពថ្មីចុះ សូមកុំកើតមកអភ័ព្វ ដូចជាតិនេះទៀត ៕ ប្រាថ្នា