ខេត្តកណ្តាល៖ ម្តាយជនរងគ្រោះ ដែលត្រូវក្រុមជនដៃដល់កាប់ប្រហារកូនគាត់ឲ្យបណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម នៅចំណុចលើចិញ្ចើមផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិព្រែកគង់ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាលកាលពីអំឡុង ខែមីនា ឆ្នាំ២០១៨ កន្លងទៅ បានស្រែកដង្ហើយសុំឱ្យសម្តេចតេជោ ហ៊ុន សែន ជួយរកយុត្តិធម៌ជូនកូនគាត់ ខណៈដែលលោក ងួន វុទ្ធី អនុប្រធានតុលាការខេត្តកណ្តាល បានដោះលែងជនសង្ស័យម្នាក់ឈ្មោះ បេង តាំងអេង ភេទប្រុស អាយុ ២៨ ឆ្នាំ រស់នៅភូមិព្រែកមេស្រុក ឃុំព្រែកស្តី ស្រុកកោះធំ ដែលជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មខាងលើ ។
ស្ត្រីឈ្មោះ គីម ស៊្រីម ជាម្តាយរបស់ជនរងគ្រោះបាននិយាយរៀបរាប់ថា កូនរបស់គាត់ឈ្មោះ ចេក ភាព ភេទប្រុស អាយុ២០ ឆ្នាំ ត្រូវបានក្រុមក្មេងស្ទាវតាមកាប់ប្រហារបណ្តាលឲ្យស្លាប់ រហូតមកដល់ពេលនេះ តុលាការមិនទាន់រកយុត្តិធម៌បាននៅឡើយទេ ឥឡូវបែរជាដោះលែងជនសង្ស័យម្នាក់ ក្នុងចំណោមជនសង្ស័យទាំង៦ ដែលសមត្ថកិច្ចប៉ូលីសបានចាប់បញ្ជូនទៅតុលាការខេត្តកណ្តាលកាលពីថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០១៨ កន្លងទៅ ។
ហើយក៍ត្រូវបានលោក ងួន វុទ្ធី អនុប្រធានសាលាដំបូងខេត្តកណ្តាល និងជាចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាបង្គាប់ឲ្យដោះលែង ឈ្មោះ បេង តាំងអេង ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកមេស្រុក ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរកាប់ជ្រូកលក់ កាលពីថ្ងៃទី០២ កក្តដា ២០១៨ ដែលជាប់ចោទពីបទ”សមគំនិតក្នុងអំពើរឃាតកម្ម” ដែលប្រព្រឹត្តនៅភូមិព្រែកគង់ ឃុំសំពៅលូន ស្រុកកោះធំ ខេត្តកណ្តាល កាលពីថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០១៨ កន្លងទៅ ។
ពាក់ពន្ធ័និងរឿងរ៉ាវខាងលើនេះភ្នាក់ងារកាសែតនគរវត្តបានសួរទៅលោក សូ សារិន អ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាល តែលោកមិនឆ្លើយតបសោះ។
សូមបញ្ជាក់ថា៖នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោងប្រមាណជា១៨ និង០០នាទី ជនរងគ្រោះបានជិះម៉ូតូ០១គ្រឿង ម៉ាកSUZUKI NEX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1DH-2039 តែម្នាក់ឯងចេញពីផ្ទះទៅលេងបុណ្យបញ្ចុះខណ្ឌសីមាវត្តកោះទៀវ ស្ថិតនៅភូមិកោះទៀវ(ខ) ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។ លុះនៅវេលាម៉ោងកើតហេតុខាងលើ ខណៈពេលដែលជនរងគ្រោះ ចេក ភាព ជិះម៉ូតូចេញពីវត្តត្រលប់មកផ្ទះវិញដល់ចំណុចខាងត្បូងស្ពានព្រែកគង់ ចម្ងាយប្រមាណ៥៥ម៉ែត្រ ស្ថិតនៅលើចិញ្ចើមផ្លូវជាតិ២១ចំហៀងខាងកើត ស្រាប់តែមានជនសង្ស័យពុំស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះចំកខាងឆ្វេង បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្ដង ។
ក្រោយពីទទួលបានព័ត៌មាននេះ កម្លាំងនគរបាលជំនាញនៃអធិការដ្ឋាន ដឹកនាំដោយលោកអធិការ សហការជាមួយការិយាល័យនគរបាលបច្ចេកទេស នឹង វិទ្យាសាស្រ្តខេត្ត ប៉ុស្ដិ៍រដ្ឋបាលសំពៅពូន លោកគ្រូពេទ្យ នឹងក្រុមគ្រួសារសព ដេីម្បីធ្វេីការពិនិត្យ កន្លែងកេីតហេតុ នឹង ពិនិត្យសាកសព ឃេីញថាៈ ជនរងគ្រោះមានស្លាកស្នាម នៅលេី កខាងឆ្វេងប៉ះទង្គិចនឹងវត្ថុរឹងមុខមុត មានទំហំ0៦ស.មx០៨ស.ម ជម្រៅ ដល់ឆ្អឹង ក្រៅពីនេះពុំមានស្លាកស្នាមអ្វីទៀតឡេីយ។
វត្ថុតាងចាប់យកៈ ម៉ូតូចំនួន ០២គ្រឿង ម៉ាក Honda SL ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ ០១គ្រឿង និងម៉ាកSuzuki Nex ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ 1U-5738 ០១គ្រឿង, ដាវចំនួន ០២ដើម កាំបិតចំនួន ០២ដើម, ទូរស័ព្ទចល័តចំនួន ០៦គ្រឿង។
ជនសង្ស័យរួមមានទី១-ឈ្មោះ គាត សំណាង ហៅឡេង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ រត់តុការ ជាជនដៃដល់ ។ ទី២-ឈ្មោះ ហោ សោភ័ណ្ឌ(ហៅឡុង) ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកប៉ុក ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ រត់តុការ ជាអ្នកចូលរួម ទី៣-ឈ្មោះ ឌី ឌឿន ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិពោធិ៍រាម្មា ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ ទី៤-ឈ្មោះ បេង តាំងអេង ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកមេស្រុក ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ មុខរបរ កាប់ជ្រូកលក់ ទី៥-ឈ្មោះ វ៉ាន់ សំណាង ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ ទី៦-ឈ្មោះ យឹម ឌីណា ភេទប្រុស អាយុ១៨ឆ្នាំ ភូមិព្រែកស្តី ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តតាកែវ៕ ឆ ដា