ខេត្តកំពង់ចាម ៖ ប៉ូលិសបានអោយដឹងថា នៅថ្ងៃអង្គារ ១៣រោច ខែបមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង 21និង30នាទី កម្លាំងសមត្ថកិច្ចបានទទួលព័ត៌មាន និងបណ្តឹងពីឈ្មោះសឿង ធី សភេទ ស្រី អាយុ49ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិកោះដាច់ ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម ប្រាប់ថា មានករណីហិង្សាក្នុងគ្រួសារ កើតឡើង លើជនរងគ្រោះ ឈ្មោះស៊ាន ឃ្លី ភេទប្រុស អាយុ 47ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិ-ឃុំកើតហេតុ ខាងលើ ដែលមានជនបង្ក ចំនួន2នាក់គឺ 1.ឈ្មោះ ភិន ស៊ីម ភេទប្រុស អាយុ56ឆ្នាំ ជាតិខ្មែរ 2.ឈ្មោះ ស៊ីម តាក់ ភេទប្រុស អាយុ26ឆ្នាំ ជាតិខ្មែរ អ្នកទាំង02នាក់ជាឪពុកនិងកូន មានទីលំនៅភូមិ-ឃុំកើតហេតុ ត្រូវជាបងប្អូនជីដូនមួយនឹងជនរងគ្រោះដែលរស់នៅក្នុងដំបូលផ្ទះជាមួយគ្នា បានធ្វើសកម្មភាព យក កំណាត់អុសព្រួតវាយទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួសបែកក្បាល។
ប្រភពបន្តថា បន្ទាប់ពីទទួលបានព័ត៌មាន និង បណ្តឹងភ្លាម កម្លាំងសមត្ថកិច្ចបានចាត់វិធានការបន្ទាន់ចុះដល់កន្លែងកើតហេតុ ហើយឃាត់ខ្លួនបានជនសង្ស័យទាំង02នាក់បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម ដើម្បី សួរនាំ រៀបចំ កសាង ឯកសារ និងសំណុំរឿងតាម នីតិវិធី ។
កម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សៀមនិយាយថា ជនសង្ស័យ២នាក់ ត្រូវជាឪពុក និងកូន បានប្រើ អំពើហិង្សាក្នុងគ្រួសារ ព្រួតគ្នា វាយជនរងគ្រោះដែលត្រូវជាប្អូនជីដូនគ្នា រងរបួស ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ៕